(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ វិមានក្រឹមឡាំងបានព្រមានថា ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ីទៅកាន់អឺរ៉ុប នឹងមិនបន្តឡើងវិញឡើយ រហូតទាល់តែទណ្ឌកម្មប្រឆាំងមកលើទីក្រុងមូស្គូ ត្រូវបានដកចេញទៅវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២២។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peksov) បានលើកឡើងយ៉ាងដូច្នេះថា «បញ្ហានៃការផ្គត់ផ្គង់ឧស្ម័ន គឺកើតមានឡើងដោយសារតែទណ្ឌកម្ម ដែលបានដាក់ប្រឆាំងនឹងប្រទេសរបស់យើង ព្រមទាំងក្រុមហ៊ុនជាច្រើនពីសំណាក់ ក្រុមប្រទេសលោកខាងលិច រួមមានអាល្លឺម៉ង់និងចក្រភពអង់គ្លេស ជាដើម។ វាពុំមានហេតុផលណាផ្សេង ដែលអាចបង្កជាបញ្ហានេះឡើងឡើយ។ ទណ្ឌកម្មដែលបានដាក់ដោយក្រុមលោកខាងលិចទាំងនោះ គឺជាមូលហេតុតែមួយគត់ ដែលបាននាំឱ្យស្ថានការណ៍វិវត្តដល់ចំណុច ដូចដែលយើងគ្រប់គ្នាកំពុងមើលឃើញ នាពេលនេះ»

សារព្រមានរបស់វិមានក្រឹមឡាំងធ្វើឡើង ចំគ្រាដែលវិបត្តិថាមពលនៅទូទាំងតំបន់អឺរ៉ុប កំពុងកាន់តែធ្ងន់ធ្ងរទៅថែមទៀត បន្ទាប់ពីក្រុមហ៊ុនឧស្ម័នរុស្ស៉ី Gazprom បានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុនថា ការបិទជួលជុលម៉ាស៉ីនទួរប៊ីនបំពង់ឧស្ម័ន Nord Stream 1 ដែលពីដំបូងឡើយ គ្រោងប្រើពេលត្រឹម៣ថ្ងៃ នឹងត្រូវអូសបន្លាយដោយមិនមានពេលកំណត់។

គួរបញ្ជាក់ថា បំពង់ឧស្ម័ន Nord Stream 1 ដែលបានធ្វើប្រតិបត្តិការតាំងតែពីឆ្នាំ២០១១មក គឺជាបំពង់ឧស្ម័នធំបំផុតតែមួយគត់ ដែលនាំយកឧស្ម័ន ពីប្រទេសរុស្ស៉ីទៅកាន់តំបន់ភាគខាងលិចអឺរ៉ុប។ ពាក់ព័ន្ធនឹងការបិទបំពង់ឧស្ម័ននេះ សហភាពអឺរ៉ុបបានចោទប្រកាន់ជាដដែលៗថា ទីក្រុងមូស្គូមានចេតនាបង្កភាពរាំងស្ទះ និងកាត់បន្ថយលំហូរឧស្ម័ន ដើម្បីសងសឹកការដាក់ទណ្ឌកម្មក៏ដូចជា ការគាំទ្ររបស់លោកខាងលិច ចំពោះអ៊ុយក្រែន។ ចំណែកសហរដ្ឋអាមេរិក ក៏បានចោទរុស្ស៉ីអំពីការប្រើប្រាស់ថាមពលជាអាវុធផងដែរ ប៉ុន្តែបានបង្ហាញការជឿជាក់ថា អឺរ៉ុបនឹងមានឧស្ម័នគ្រប់គ្រាន់ ដើម្បីឆ្លងកាត់រដូវរងា៕