(ប៉េកាំង)៖ អាជ្ញាធរក្នុងប្រទេសចិន នៅថ្ងៃអង្គារនេះ បានឱ្យដឹងថាចំនួនអ្នកស្លាប់ នៅក្នុងគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្ត ស៉ីឈួន (Sichuan) ភាគនិរតីនៃប្រទេស កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានកើនដល់ ៤៦នាក់ និង៥០នាក់រងរបួស ខណៈ១៦នាក់ទៀតបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃអង្គារ ទី៦ ខែកញ្ញា ឆ្នាំ២០២២។

គ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ ដែលបានវាយប្រហារលើខេត្តស៉ីឈួន (Sichuan) ភាគនិរតីនៃប្រទេសចិន កាលពីថ្ងៃចន្ទ និងបង្កការញ័ររញ្ជួយដល់ទីក្រុងចេងទូ (Chengdu) និងខេត្តមួយចំនួនទៀតនៅជាប់នោះ។

ស្ថានីយទូរទស្សន៍រដ្ឋចិន បានរាយការណ៍ថា ផ្លូវថ្នល់និងលំនៅឋាន ដែលស្ថិតនៅក្បែរចំណុចរំញ័រនៃគ្រោះរញ្ជួយដីខាងលើ បានទទួលរងការខូចខាតដោយសារបំណាក់ដី ស្របពេលបណ្តាញទំនាក់ទំនងត្រូវបានកាត់ផ្តាច់ នៅតំបន់យ៉ាងហោច១កន្លែង។ រីឯទំនប់និងស្ថានីយវារីអគ្គិសនី ដែលនៅចម្ងាយ៥០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ គឺមិនមានការរាយការណ៍ថា រងការខូចខាតអ្វីទេ ប៉ុន្តែបណ្តាញផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តផ្ទាល់ បានទទួលរងការខូចខាត ដែលធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ខ្ទង់ ៤០,០០០នាក់។

យោងតាមមជ្ឈមណ្ឌលតាមដានគ្រោះរញ្ជួយដីចិន ចំណុចរំញ័ររបស់វា ស្ថិតនៅក្រុងលូទីង (Luding) គឺម្តុំតំបន់ភ្នំចម្ងាយប្រហែលជា ២២៦គីឡូម៉ែត្រពីភាគនិរតីទីក្រុងចេងទូ ដែលជារដ្ឋធានីនៃខេត្តស៉ីឈួន។ បើតាមស្ថានីយទូរទស្សន៍រដ្ឋចិន មានមនុស្សសរុប៣៩,០០០នាក់ ដែលរស់នៅក្នុងបរិវេណ២០គីឡូម៉ែត្រជុំវិញចំណុចរំញ័រ ហើយមាន១.៥៥លាននាក់ ស្ថិតក្នុងបរិវេណ១០០គីឡូម៉ែត្រជុំវិញទីនោះ។

គួរបញ្ជាក់ថា ក្រៅពីទីក្រុងចេងទូ គ្រោះរញ្ជួយដីខាងលើ ក៏បានជះឥទ្ធិពលដល់បណ្តាខេត្តក្បែរខាង រួមមានយូនណាន (Yunnan), សាអានស៉ី (Shaanxi) និងគួយចូវ (Qhuzhou) ថែមទៀតផង។ សម្រាប់ហេតុការណ៍រញ្ជួយផែនដីដ៏ខ្លាំងបំផុតនៅខេត្តស៉ីឈួន គឺត្រូវបានកត់ត្រាកាលពីខែឧសភា ឆ្នាំ២០០៨ នៅពេលរញ្ជួយដីកម្រិត៨.០រ៉ិចទ័រ បានវាយប្រហារស្រុកវិនឈួន (Wenchuan) ដែលបណ្តាលឱ្យមានមនុស្សស្លាប់ជិត ៧០,០០០នាក់ និងការបំផ្លិចបំផ្លាញយ៉ាងហិនហោច៕