(ឡង់ដ៍)៖ លោកស្រី Liz Truss នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេស បន្ទាប់ពីយកឈ្នះលើលោក Rishi Sunak ក្នុងការប្រកួតប្រជែងថ្នាក់ដឹកនាំគណបក្សអភិរក្ស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Skynews នៅថ្ងៃចន្ទ ទី០៥ ខែកញ្ញា ឆ្នាំ២០២២។

លោកស្រី Truss ដែលបានយកឈ្នះការប្រកួតប្រជែងនេះ នឹងបន្តតំណែងលោក Boris Johnson នៅថ្ងៃអង្គារសប្តាហ៍នេះ ដោយក្លាយជាមេដឹកនាំស្ត្រីទីបីរបស់ប្រទេស។

រដ្ឋមន្ត្រីការបរទេសរូបនេះ បានប្រើសុន្ទរកថាជ័យជំនះរបស់លោកស្រីដើម្បីបង្ហាញថា លោកស្រីនឹងមិនបង្កឱ្យមានការបោះឆ្នោតសកលមុនកាលកំណត់នោះទេ ជំនួសមកវិញដោយសន្យាថា នឹងទទួលបាន «ជ័យជម្នះដ៏អស្ចារ្យសម្រាប់គណបក្សអភិរក្សនៅឆ្នាំ២០២៤»

លោកស្រី Truss បាននិយាយថា វាគឺជាកិត្តិយសមួយដែលត្រូវបានជ្រើសរើស ខណៈដែលលោកស្រីបានថ្លែងអំណរគុណ ដល់គណបក្សរបស់លោកស្រីសម្រាប់ការរៀបចំ «ការសម្ភាសន៍ការងារដ៏យូរបំផុតមួយក្នុងប្រវត្តិសាស្ត្រ»

គួរបញ្ជាក់ថា លោក Johnson ដែលត្រូវបានបង្ខំឱ្យលាលែងពីតំណែង បន្ទាប់ពីរដ្ឋមន្ត្រីជាច្រើនរូបបានចាកចេញពីរដ្ឋាភិបាលនោះ នឹងផ្តល់ការលាលែងពីតំណែងជាផ្លូវការ ដោយចូលគាល់ព្រះមហាក្សត្រីនៅទីក្រុង Balmoral នៅថ្ងៃស្អែក៕