(ណៃពិដោ)៖ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បាននឹងកំពុងបំពេញទស្សនកិច្ចក្នុងប្រទេសរុស្ស៉ី ជាដំណើរទស្សនកិច្ចជាលើកទី២ ក្នុងរយៈពេលតិចជាង ២ខែ ខណៈដែលរបបយោធាមីយ៉ាន់ម៉ា ព្យាយាមពង្រឹងទំនាក់ទំនងការទូតជាមួយរុស្ស៉ី ចំពេលមានសម្ពាធជាអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

ឧត្តមសេនីយ៍យោធាមីយ៉ាន់ម៉ា លោក មីន ឡាំងលាំង (Min Aung Hlaing) ត្រូវបានហាមឃាត់មិនឲ្យចូលរួមក្នុងវេទិកាអន្តរជាតិ ចាប់តាំងពីការដឹកនាំរដ្ឋប្រហារកាលពីដើមឆ្នាំ២០២១ ដែលបានទម្លាក់អតីតរដ្ឋាភិបាលរបស់លោកស្រី អោងសាន ស៊ូជី (Aung San Suu Kyi)។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ា បានរាយការណ៍ថា លោក មីន អោងឡាំង នឹងចូលរួមកិច្ចប្រជុំកំពូលសេដ្ឋកិច្ច, ទស្សនាទីតាំងសំខាន់ៗក្នុងទីក្រុងមូស្គូ, សកលវិទ្យាល័យ និងរោងចក្រ ហើយរដ្ឋមន្រ្តី ក៏ដូចជាក្រុមមន្រ្តីយោធាជាន់ខ្ពស់របស់លោក នឹងជួបជាមួយក្រុមមន្រ្តីរុស្ស៉ី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀត។

គួរបញ្ជាក់ថា ចាប់តាំងពីរដ្ឋប្រហារយោធា លោក មីន អោងឡាំង បានទៅបំពេញទស្សនកិច្ច នៅទីក្រុងមូស្គូ ជាលើកដំបូង ក្នុងនាមជាមេដឹកនាំ កាលពីខែមិថុនា ឆ្នាំ២០២១ ដោយនៅគ្រានោះ ប្រទេសទាំងពីរបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការខាងផ្នែកយោធា។ ជាមួយគ្នានេះ កាលពីខែកក្កដាកន្លងទៅថ្មីៗនេះ លោក ក៏បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ម្តងទៀត ជាអ្វីដែលទីក្រុងមូស្គូ ហៅថាដំណើរទស្សនកិច្ចលក្ខណៈឯកជន៕