(គូឡាឡាំពួ)៖ ប្រធានសភានៃប្រទេសម៉ាឡេស៉ី នាថ្ងៃចន្ទនេះបានឱ្យដឹងថា អតីតនាយករដ្ឋមន្រ្តីម៉ាឡេស៉ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានដាក់ញត្តិដើម្បីសុំ ការផ្តល់ព្រះរាជទានទោសពីព្រះមហាក្សត្រហើយ គឺជិត២សប្តាហ៍ក្រោយលោកបានចាប់ផ្តើម ត្រូវអនុវត្តទោសជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

កាលពីថ្ងៃទី២៣ ខែសីហា តុលាការកំពូលម៉ាឡេស៉ី បានសម្រេចច្រានចោលបណ្តឹងឧទ្ធរណ៍របស់លោក ណាជីប ដែលសំដៅជំទាស់នឹង ការផ្តន្ទាទោសលើរូបលោកនៅក្នុងសំណុំរឿងមួយ ពាក់ព័ន្ធទៅនឹងរឿងអាស្រូវពុករលួយទំហំរាប់ពាន់លានដុល្លារ 1MDB។ លោក ណាជីប ត្រូវបានកាត់ទោសដាក់ពន្ធនាគារ១២ឆ្នាំ និងរងការពិន័យជាប្រាក់ជិត៥០លានដុល្លារអាមេរិក។

បើតាមរដ្ឋធម្មនុញ្ញរបស់ម៉ាឡេស៉ី សមាជិកសភាទាំងឡាយណា ដែលត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារលើសពី ១ឆ្នាំឡើងទៅ នឹងត្រូវបាត់បង់អាសនៈនៅក្នុងសភាជាស្វ័យប្រវត្តិ លុះតែពួកគេដាក់ពាក្យស្នើសុំព្រះរាជទានទោសពីព្រះមហាក្សត្រ ក្នុងរយៈពេល១៤ថ្ងៃ។ ប្រធានសភាម៉ាឡេស៉ី លោក អាហ្សារ អាហ្ស៉ីហ្សាន ហារុន (Azhar Azizan Harun) បាននិយាយថា លោក ណាជីប នឹងបន្ត នៅជាសមាជិកសភាដដែល រហូតទាល់តែញត្តិសុំព្រះរាជទានទោសរបស់លោក ដែលត្រូវបានដាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន ឆ្លងកាត់ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រ។

គួរបញ្ជាក់ថា ការផ្តល់ព្រះរាជទានទោសពីព្រះមហាក្សត្រម៉ាឡេស៉ី នឹងអនុញ្ញាតឱ្យលោក ណាជីប ត្រឡប់ទៅធ្វើនយោបាយយ៉ាង សកម្មឡើងវិញបាន ឬសូម្បីតែត្រឡប់ទៅប្រកួតប្រជែងជានាយករដ្ឋមន្រ្តី ថែមទៀតផង។ ទោះជាបែបនេះក្តី លោក ណាជីប នៅត្រូវ ប្រឈមសំណុំរឿងចំនួន៤ផ្សេងទៀត ដែលសុទ្ធតែមានស្ថានទម្ងន់ទោសទៅធ្ងន់ៗ៕