(ណៃពិដោ)៖ លោកស្រី ណូអេលីន ហេហ្សឺ (Noeleen Heyzer) បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅមីយ៉ាន់ម៉ា បាននិយាយថា លោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពរបស់លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ជាអតីតមេដឹកនាំមីយ៉ាន់ម៉ា ដែលកំពុងជាប់ឃុំឃាំង តាំងតែពីរដ្ឋប្រហារយោធា កាលពីខែកុម្ភៈ ឆ្នាំ២០២១មក។ នេះបើយោងតាមការចុះផ្សាយ ដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

ថ្លែងនៅឯវិទ្យាស្ថានស្រាវជ្រាវមួយ ក្នុងប្រទេសសិង្ហបុរី នាថ្ងៃចន្ទនេះ លោកស្រី ហេហ្សឺ បានកត់សម្គាល់ថា លោកស្រី ស៊ូជី ត្រូវបានគេរកឃើញថាជាប់ពិរុទ្ធពីបទក្លែងបន្លំការបោះឆ្នោត កាលពីសប្តាហ៍មុន ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៣ឆ្នាំបន្ថែមទៀត លើបទល្មើសមួយចំនួនមុន ដែលតុលាការយោធា បានផ្តន្ទាទោសដាក់ពន្ធនាគារសរុប ១៧ឆ្នាំរួចទៅហើយ។

លោកស្រី ហេហ្សឺ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពរបស់លោកស្រី ស៊ូជី ដែលមានអាយុ ៧៦ឆ្នាំទៅហើយនោះ និងសូមថ្កោលទោសការកាត់ទោសបន្ថែមមកលើលោកស្រី ស៊ូជី នាពេលថ្មីៗនេះផងដែរ»

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងវិបត្តិ នៅពេលដែលយោធាបានដណ្តើមអំណាចកាលពីឆ្នាំ២០២១ គឺក្រោយពីប្រទេសអាស៊ានមួយនេះ បានកោះប្រជុំសភាថ្មីជាលើកដំបូង ចាប់តាំងពីការបោះឆ្នោតខែវិច្ឆិកា ឆ្នាំ២០២០។ ការដណ្តើមអំណាចនាំឲ្យមានការតវ៉ាទូទាំងប្រទេស ហើយយោធាបានឆ្លើយតបដោយការប្រើកម្លាំងបង្ក្រាប លើក្រុមប្រឆាំង៕