(មូស្គូ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករុស្ស៉ី បានឱ្យដឹងនៅថ្ងៃចន្ទនេះថា មនុស្សចំនួនយ៉ាងហោច៨នាក់ បានបាត់បង់ជីវិត កំលុងការធ្វើដំណើរឡើងភ្នំភ្លើងមួយកន្លែង ដែលមានអាកាសធាតុដ៏ត្រជាក់ ស្ថិតនៅឧបទ្វីបកាំឆាត់កា (Kamchatka) នៃតំបន់ចុងបូព៌ារបស់ប្រទេសរុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

អាជ្ញាធរក្នុងតំបន់បាននិយាយថា ក្រុមភ្ញៀវទេសចរជនជាតិរុស្ស៉ីចំនួន១០នាក់ ព្រមទាំងអ្នកនាំផ្លូវចំនួន២នាក់ទៀត បានចេញដំណើរ កាលពីថ្ងៃអង្គារសប្តាហ៍មុន ដើម្បីទៅឡើងភ្នំភ្លើង គ្យូឆេវស្កាយ៉ា សូបកា (Klyuchevskaya Sopka) ដែលមានកម្ពស់ ៤,៧៥៤ម៉ែត្រ។ នៅថ្ងៃសៅរ៍ចុងសប្តាហ៍ដដែល ពួកគេចំនួន៩នាក់ បានចាប់ផ្តើមព្យាយាមឡើងឆ្ពោះទៅកាន់កំពូលភ្នំ ខណៈ៣នាក់ទៀតរង់ចាំនៅជំរំ ដែលស្ថិតនៅរយៈកម្ពស់ ៣,៣០០ម៉ែត្រ។

យ៉ាងណាមិញ នៅរយៈកម្ពស់ប្រហែល៤,១៥០ម៉ែត្រ អ្នកឡើងភ្នំ៦នាក់ ក៏បានស្លាប់ ខណៈឧបទ្ទវហេតុនោះ បង្កឡើងដោយសារការធ្លាក់ពីទីខ្ពស់។ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ក្រុមសង្រ្គោះបានព្យាយាមបើកឧទ្ធម្ភាគចក្រ ដើម្បីទៅកាន់កន្លែងក្រុមអ្នកឡើងភ្នំទាំងនោះ ប៉ុន្តែខ្យល់បោកបក់ខ្លាំងពេក បានរារាំងមិនឱ្យពួកគេអាចចុះចតដោយសុវត្ថិភាពបាន។ ក្រុមអ្នកសង្រ្គោះបានអះអាងថា ប្រតិបត្តិការនឹងបន្តឡើងវិញ នៅពេលអាកាសធាតុអនុញ្ញាត។

គួរបញ្ជាក់ថា មកដល់ថ្ងៃចន្ទនេះ មានសេចក្តីរាយការណ៍អំពី មនុស្សស្លាប់២នាក់ទៀតនៃក្រុមអ្នកឡើងភ្នំខាងលើ។ សីតុណ្ហភាពនៅភ្នំភ្លើង គ្យូឆេវស្កាយ៉ា សូបកា អាចធ្លាក់ចុះដល់ -១៤អង្សាសេឯណោះ កំលុងពេលយប់។ អាជ្ញាធរបានព្រមានថា ភ្នំភ្លើងនេះ ត្រូវបានចាត់ទុកជា ភ្នំប្រកបដោយគ្រោះថ្នាក់មួយ សម្រាប់អ្នកឡើងភ្នំ ដោយសារតែកម្ពស់របស់វា និងហានិភ័យនៃបន្ទុះភ្នំភ្លើង៕