(វីលនីញូស)៖ ទាហានអាល្លឺម៉ង់ប្រមាណ ១០០នាក់ បានទៅដល់ប្រទេសលីទុយអានីហើយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ បន្ទាប់ពីទីក្រុង បែរឡាំង បានសន្យាថានឹងពង្រឹងវត្តមានរបស់ខ្លួន ក្នុងតំបន់អឺរ៉ុបប៉ែកខាងកើតរបស់អង្គការណាតូ (NATO) ក្រោយពេលសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

ទាហានអាល្លឺម៉ង់ខាងលើ ចុះពីកប៉ាល់មួយគ្រឿងក្នុងទីក្រុងកំពង់ផែក្លៃផេដា (Klaipeda) ពួកគេនឹងត្រូវចូលរួមក្នុងអង្គភាពបញ្ជាការនៃកងពលតូចថ្មីមួយ ដែលមានទាហានប្រហែល ៤,០០០នាក់។ លោក គ្រីស្ទៀន ណៅរ៉េត (Christian Nawrat) មេបញ្ជាការកងពលតូច បានគូសបញ្ជាក់ថា «សាររបស់ យើងទៅកាន់សម្ព័ន្ធមិត្តនៅផ្នែកខាងកើតនាពេលនេះ គឺការប្តេជ្ញាធានាសន្តិសុខ»។ មេបញ្ជាការអាល្លឺម៉ងរូបនេះបន្ថែមថា « អង្គភាពរបស់យើងនឹងស្ថិត នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសនៃតំបន់បាល់ទិកមួយនេះ ខណៈកងកម្លាំងរបស់យើងនឹងចូលរួមជាមួយលីទុយអានី សម្រាប់ការធ្វើសមយុទ្ធរួមគ្នាផងដែរ»

គួរបញ្ជាក់ថា អាល្លឺម៉ង់ មានទាហានប្រហែល ១,៥០០នាក់ រួចហើយនៅលើទឹកដីរបស់លីទុយអានី។ អតីតរដ្ឋបាល់ទិក ដែលគ្រប់គ្រងដោយសូវៀត មានអេស្តូនី ឡេតូនី និងលីទុយអានី ដែលឥឡូវនេះជាសមាជិករបស់សហភាពអឺរ៉ុប និងអង្គការណាតូ និងកំពុងមានការព្រួយបារម្ភថាពួកគេអាចនឹង ក្លាយជាប្រទេសបន្ទាប់ ប្រសិនបើរុស្ស៊ីយកឈ្នះអ៊ុយក្រែន៕