(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងត្បូង នៅថ្ងៃចន្ទនេះបានចេញសេចក្ដីណែនាំពីអាកាសធាតុ និងប្រកាសអាសន្នកម្រិតខ្ពស់ពីព្យុះទីហ្វុង ខណៈព្យុះទីហ្វុង ហ៊ីនណំាន័រ (Hinnamnor) កំពុងបក់បោកដោយនំាំមកនូវភ្លៀងធ្លាក់ និងកម្លាំងខ្យល់បក់ខ្លាំង ដែលបានវាយប្រហាររួចហើយលើផ្នែកខ្លះស្ថិតនៅ ភាគខាងត្បូងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៥ ខែកញ្ញា ឆ្នាំ២០២២។

ព្យុះទីហ្វុង ហ៊ីនណំាន័រ ត្រូវបានគេរាយការណ៍ថាបក់បោកឆ្ពោះទៅកាន់ភាគខាងជើង ក្នុងល្បឿនខ្យល់ ១៩គីឡូម៉ែត្រក្នុងមួយម៉ោង ហើយអាចនឹងឡើង ដល់៩០គីឡូម៉ែត្រក្នុងមួយម៉ោង ឆ្ពោះទៅកាន់ភាគនិរតីនៃទីក្រុងកំពង់ផែប៊ូសាននៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីព្យុះនេះបក់បោកដល់តំបន់ដែនទឹក នៃកោះចេជូ (Jeju) នៅពាក់កណ្ដាលយប់ថ្ងៃចន្ទនេះ។ ចំណែកឯ ទីក្រុងមួយចំនួន ដែលត្រូវបានប្រកាសអាសន្នកម្រិតខ្ពស់ក្នុងនោះរួមទីក្រុង ជីវ៉ាងជូ (Gwangju) ប៊ូសាន (Busan) ដេហ្គូ (Daegu) និងទីក្រុងអ៊ូលសាន (Ulsan) ព្រមទាំងកោះចេជូ (Jeju) ខណៈអាជីវកម្មមួយចំនួនត្រូវផ្អាក សកម្មភាពជាបណ្ដោះអាសន្នផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានបើកកិច្ចប្រជុំមួយជាមួយក្រុមអាជ្ញាធរ ដើម្បីត្រួតពិនិត្យឡើងវិញលើប្រព័ន្ធឆ្លើយតបទៅនឹងគ្រោះមហន្តរាយ ជាមួយការសន្យាថានឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីកាត់បន្ថយការខូចខាត និងផលប៉ះពាល់បង្កឡើងខ្យល់ព្យុះ៕