(កៀវ)៖ អធិការអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃសៅរ៍សប្តាហ៍នេះថា រោងចក្រថាមពលនុយក្លេអ៊ែរនៅខ្សែបន្ទាត់ជួរមុខ នៃសង្រ្គាមអ៊ុយក្រែន បានបាត់បង់ខ្សែថាមពលអគ្គីសនីពីខាងក្រៅម្តងទៀត ដោយជំរុញឱ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើង នៃគ្រោះមហន្តរាយ ខណៈពេលដែលទីក្រុងម៉ូស្គូបានបិទបំពង់បង្ហូរឧស្ម័នសំខាន់របស់ខ្លួន ទៅកាន់ប្រទេសអាឡឺម៉ង់ ដើម្បីធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាមិត្តរបស់ទីក្រុងកៀវនៅភាគខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបាននិយាយថា រោងចក្រ Zaporizhzhya ដែលជារោងចក្រធំជាងគេនៅអឺរ៉ុប ត្រូវបានកាត់ផ្តាច់ខ្សែថាមពលខាងក្រៅដ៏សំខាន់ចុងក្រោយរបស់ខ្លួន បើទោះបីជាខ្សែបម្រុងមួយនៅតែបន្តផ្តល់ថាមពលដល់បណ្តាញអគ្គិសនីក៏ដោយ។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានតែម៉ាស៊ីនរ៉េអាក់ទ័រមួយប៉ុណ្ណោះ ក្នុងចំណោមម៉ាស៊ីនរ៉េអាក់ទ័រទាំងប្រាំមួយរបស់ស្ថានីយ៍ ដែលនៅតែដំណើរការ។

រោងចក្រនេះដែលត្រូវបានរឹបអូសដោយទាហានរុស្ស៊ី ភ្លាមៗបន្ទាប់ពីការលុកលុយរបស់ពួកគេនៅថ្ងៃទី២៤ ខែកុម្ភៈ បានក្លាយជាចំណុចស្នូលនៃជម្លោះ ដោយភាគីនីមួយៗបានបន្ទោសគ្នាទៅវិញទៅមក ចំពោះការបាញ់ផ្លោងនៅក្បែរនោះ។

ការប្រឈមមុខដាក់គ្នាលើការនាំចេញឧស្ម័ន និងប្រេងរបស់រុស្ស៊ីកាន់តែខ្លាំងឡើងកាលពីសប្តាហ៍មុន ខណៈដែលទីក្រុងម៉ូស្គូបានប្តេជ្ញាបិទបំពង់បង្ហូរឧស្ម័នសំខាន់ ទៅកាន់ប្រទេសអាល្លឺម៉ង់ ហើយបណ្តាប្រទេស G7 បានប្រកាសពីផែនការកំណត់តម្លៃលើការនាំចេញប្រេងរបស់រុស្ស៊ី៕