(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ ទីក្រុងវ៉ាស៉ីនតោន បានអះអាងថា ខ្លួននឹងមិនជ្រើសយកវិធានការ ដាក់បម្រាមទិដ្ឋាការទៅលើ ពលរដ្ឋរុស្ស៉ីគ្រប់រូបនោះ ដើម្បីជាការពិន័យចំពោះសកម្មភាពរបស់ ទីក្រុងមូស្គូនៅអ៊ុយក្រែននោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីសារព័ត៌មាន RT នៅថ្ងៃអាទិត្យ ទី៤ ខែកញ្ញា ឆ្នាំ២០២២។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន ឃើប៊ី (John Kirby) បាននិយាយថា «សហរដ្ឋអាមេរិក បានរឹតត្បិតទិដ្ឋាការចំពោះ តែបុគ្គលជនជាតិរុស្ស៉ីណា ដែលខ្លួនចាត់ទុកជាអ្នកគាំទ្ររបបលោក ពូទីន ប៉ុណ្ណោះ។ ទីក្រុងវ៉ាស៉ីនតោនមិនជឿថា ការដាក់ពិន័យទៅលើ ជនជាតិរុស្ស៉ីទាំងអស់ គឺជាចំណាត់ការដែលផ្តល់លទ្ធផលល្អនោះទេ ហើយការសម្រេចចិត្តរបស់អាមេរិក មិនគួរប្រែក្លាយបញ្ហាឱ្យទៅជា សង្រ្គាមជាមួយនឹងពលរដ្ឋរុស្ស៉ីគ្រប់រូបឡើយ។ លោក ឃើប៊ី បានបន្តថា អ្នកដែលគួរត្រូវបន្ទោស គឺប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន និងក្រុមមន្រ្តីរបស់លោក មិនមែនប្រជាជនសាមញ្ញរុស្ស៉ីទេ។

គួរបញ្ជាក់ថា កន្លងមក ទីក្រុងកៀវបានអំពាវនាវយ៉ាងទទូច ឱ្យសហភាពអឺរ៉ុប (EU) ចេញវិធានការ ហាមឃាត់លែងឱ្យប្រជាជនរុស្ស៉ីអាច ចូលក្នុងទឹកដី EU តទៅទៀត ដើម្បីឆ្លើយតបចំពោះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន។ ទោះជាបែបនេះក៏ដោយ កាលពីថ្ងៃទី៣១ ខែសីហា ក្រុមរដ្ឋមន្រ្តីការបរទេសនៃសមាជិក EU ទាំង២៧ប្រទេស បានសម្រេចឯកភាពគ្នាត្រឹមផ្អាក កិច្ចព្រមព្រៀងសម្របសម្រួលទិដ្ឋាការជាមួយទីក្រុងមូស្គូ ដែលមានន័យថា កាត់បន្ថយចំនួនទិដ្ឋាការដែលត្រូវចេញ ហើយធ្វើឱ្យការទទួលបានទិដ្ឋាការ សម្រាប់ជនជាតិរុស្ស៉ី មានភាពលំបាកជាងធម្មតា ប៉ុន្តែមិនមែនហាមឃាត់ទាំងស្រុងឡើយ៕