(តូក្យូ)៖ ប្រតិកម្មឆ្លើយតបរបស់ឥណ្ឌានាពេលកន្លងមក ចំពោះសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន បានធ្វើឱ្យបណ្ដាប្រទេសលោកខាងលិច រួមមានទាំងសហរដ្ឋអាមេរិក មានការខកចិត្តជាខ្លាំង។ ក្នុងនាមជាប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតនៅលើពិភពលោក ឥណ្ឌាត្រូវបានក្រុមអ្នករិះគន់យល់ថាគួរតែចូលរួមជាមួយបណ្ដាប្រទេស ប្រជាធិបតេយ្យនាំមុខដោយសហរដ្ឋអាមេរិក ក្នុងការថ្កោលទោស និងដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងទីក្រុងមូស្គូ។

ជាការឆ្លើយទៅនឹងការរិះគន់លើការប្រកាន់ជំហរអព្យាក្រឹត នៃប្រទេសរបស់លោក រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាសម៉ានីយុំា ចៃសាន់កា (Subrahmanyam Jaishankar) កាលពីខែមិថុនកន្លងទៅ បានលើកឡើងនៅឯវេទិការសន្តិសុខមួយក្នុងប្រទេសស្លូវ៉ាគី ត្រង់ៗតែម្ដងថា អឺរ៉ុបគួរតែបោះបង់ចោលផ្នត់គំនិតដែលថា «បញ្ហា របស់អឺរ៉ុប គឺជាបញ្ហារបស់ពិភពលោក តែបញ្ហារបស់ពិភពលោកមិនមែនជាបញ្ហារបស់អឺរ៉ុប»។

ប្រតិកម្មបែបនេះរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី ទៅនឹងសង្រ្គាមនៅអ៊ុយក្រែន បាន និងកំពុងបង្កការចោទសួរឡើងផងដែរថាតើឥណ្ឌាជាមិត្តគួរឱ្យទុកចិត្តបានដែរឬទេ ហើយតើឥណ្ឌាអាចនឹងក្លាយជាកំពូលមហាអំណាច ប្រភេទណា នៅពេលអនាគត?

បើតាមក្រុមអ្នកជំនាញសេដ្ឋកិច្ច នៅប៉ុន្មានទសវត្សរ៍ខាងមុខ ឥណ្ឌាអាចនឹងវ៉ាដាច់ជប៉ុនក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខ៣ នៅលើពិភពលោក រីឯមេដឹកនាំ លោកខាងលិចនានា ក្នុងនោះរួមមានទាំងលោកប្រធានាធិបតី ចូ បៃដិន សុទ្ធតែកំពុងពង្រឹងទំនាក់ទំនងសន្តិសុខកាន់តែជិតស្និទ្ធជាមួយឥណ្ឌា ដ្បិតពួកគេសម្លឹងឃើញថា ទីក្រុងញូដេលីជាដៃគូដ៏មានសក្ដានុពលដែលអាចជួយពួកគេក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលចិន។

ជាការពិតណាស់ ទាំងឥណ្ឌា និងសហរដ្ឋអាមេរិក មានប្រយោជន៍រួមក្នុងការខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិន។ តែទោះជាមិត្ត ឬក៏បងប្អូនក៏ដោយ ផលប្រយោជន៍ត្រូវតែ បែងចែកឱ្យច្បាស់។ សម្រាប់ឥណ្ឌា សង្រ្គាមនៅអ៊ុយក្រែនជាវិបត្តិរបស់អឺរ៉ុប ហើយនៅពីក្រោយវិបត្តិមួយនេះ វាមានទាំងប្រយោជន៍ និងបញ្ហាដ៏ស្មុគស្មាញ នោះគឺម្ខាង ទំនាក់ទំនងជាមួយរុស្ស៉ី និងម្ខាងទៀតគឺទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក។

ការសម្រេចិត្តជ្រើសរើសយកផ្លូវអព្យាក្រឹតនេះ បានបង្ហាញកាន់តែច្បាស់ថាគោលនយោបាយ ការបរទេសរបស់ឥណ្ឌាបច្ចុប្បន្ន ផ្តោតលើ «យុទ្ធសាស្ត្រស្វ័យភាព» និងការរក្សាជំហរឈរនៅឱ្យឆ្ងាយពីសង្រ្គាមត្រជាក់យុគសម័យថ្មី ដែលអាចជួយឱ្យឥណ្ឌាមានភាពបត់ បែន ក្នុងការទាញយកប្រយោជន៍ពីទំនាក់ទំនងចម្រុះ ដោយមិនចូលរួមដោយផ្ទាល់ក្នុងបក្សសម្ព័ន្ធដើម្បីប្រឆាំងនឹងប្រទេសណាមួយឡើយ។

ក៏ប៉ុន្តែ អ្វីដែលសំខាន់ នោះគឺនៅត្រង់ថាទីក្រុងញូដេលីអាចដើរតាមផ្លូវមួយនេះបាន ក៏ដោយសារតែដឹងច្បាស់យ៉ាងថាសហរដ្ឋអាមេរិកនឹងមិនដាក់សម្ពាធ ឬទណ្ឌកម្ម ប្រឆាំងនឹងខ្លួននោះទេ។

នៅក្រោមរដ្ឋបាលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ និងរដ្ឋបាលបច្ចុប្បន្នរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកមិនបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាដុំកំភួនណាមួយ លើឥណ្ឌានោះឡើយ ពាក់ព័ន្ធនឹងការទិញអាវុធពីរុស្ស៉ីដូចជាប្រព័ន្ធមីស៊ីល S-400 តែផ្ទុយទៅវិញទីក្រុងវ៉ាស៊ីនតោន បែរជាដាក់ទណ្ឌកម្មលើតួកគីដែលបានទិញ S-400 ពីមូស្គូ។ នៅត្រង់ចំណុចនេះ ហេតុផលដែលសហរដ្ឋអាមេរិកប្រកាន់ជំហរទន់ភ្លន់បែបនេះ នោះគឺដោយសារតែឥណ្ឌាជាសមាជិកក្រុមប្រទេសក្វាដ (រួមមានអាមេរិក ឥណ្ឌា ជប៉ុន និងអូស្ត្រាលី) ដែលជាស្នូលដ៏សំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកប្រឆាំងនឹងការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់អាស៊ី។

លើសពីនេះទៅទៀត អ្នកបង្កើតគោលនយោបាយនៅក្នុងប្រទេសឥណ្ឌា ក៏ជឿជាក់ដែរថាការប្រកាន់ជំហរអព្យាក្រឹតចំពោះសង្រ្គាមនៅអ៊ុយក្រែន វាផ្ដល់ប្រយោជន៍ យុទ្ធសាស្ត្រដ៏ធំដល់ឥណ្ឌា។ ម្យ៉ាងខណៈកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ចពីសំណាក់បណ្ដាប្រទេសលោកខាងលិច ឥណ្ឌាអាចទិញប្រេង និងឧស្ម័នក្នុងតម្លៃថោក ឬការលក់បញ្ចុះតម្លៃពីរុស្ស៉ី ហើយចូរកុំភ្លេចដែរថារុស្ស៉ី គឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំសម្រាប់ឥណ្ឌា។

ចំណែកឯ ម្យ៉ាងទៀត ជាយុទ្ធសាស្ត្ររយៈពេលវែង ឥណ្ឌាត្រូវការរុស្ស៉ីជាចាំបាច់ ដើម្បីរក្សាតុល្យភាពអំណាចនៅក្នុងតំបន់ជាមួយចិន ពោលគឺឥណ្ឌាមិនអាចឱ្យរុស្ស៉ីស្និទ្ធ ខ្លាំងហួសហេតុពេក ឬក៏រត់ទៅរកចិនទាំងស្រុងនោះទេ។ ដ្បិត ប្រសិនបើរុស្ស៉ី និងចិនក្លាយជាសម្ព័ន្ធមិត្តមួយដែលឥណ្ឌាត្រូវបានផាត់ចេញ នោះភូមិសាស្ត្រនយោបាយ របស់ឥណ្ឌានឹងកាន់តែមានគ្រោះថ្នាក់ ដោយត្រូវបានឡោមព័ទ្ធដោយគូសត្រូវសុទ្ធតែមានអាវុធនុយក្លេអ៊ែរដូចជាចិន និងប៉ាគីស្ថាន ឬអាចបន្ថែមរុស្ស៉ីមួយទៀតក៏ថាបាន បើឥណ្ឌាហ៊ានធ្វើឱ្យរបូតរុស្ស៉ីពីដៃ៕