(ឡុងដ៍)៖ សមយុទ្ធយោធារុស្ស៊ីនៅតំបន់ចុងបូព៌ាក្នុងសប្តាហ៍នេះ នឹងប្រព្រឹត្តទៅក្នុងទ្រង់ទ្រាយតូចជាង ពេលដែលពួកគេបានធ្វើលើកចុងក្រោយក្នុងឆ្នាំ២០១៨ ដែលឆ្លុះបញ្ចាំងពីភាពតានតឹងលើកងកម្លាំងរបស់ទីក្រុងមូស្គូ ខណៈដែលពួកគេតស៊ូដើម្បីឆ្ពោះទៅមុខ នៅសមរភូមិភាគខាងកើតអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ដោយប្រកាសពីសមយុទ្ធយោធាវូស្តុកឆ្នាំ២០២២ (Vostok 2022) ដែលចិននឹងចូលរួមផងដែរ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីខែមុនថា សមត្ថភាពរបស់ខ្លួនក្នុងការរៀបចំសមយុទ្ធបែបនេះ គឺមិនប៉ះពាល់ដល់អ្វីដែលរុស្ស៊ីហៅថា «ប្រតិបត្តិការយោធាពិសេស» របស់ខ្លួននៅក្នុងអ៊ុយក្រែននោះទេ។

ក្រសួងការពារជាតិបាននិយាយថា យន្តហោះយោធាចំនួន ១៤០គ្រឿង និងឧបករណ៍យោធាជាង ៥,០០០គ្រឿងនឹងត្រូវដាក់ពង្រាយ ពោលគឺមានចំនួនតិចជាងសមយុទ្ធកាលពីឆ្នាំ២០១៨ ដែលកាលនោះមានយន្តហោះចម្បាំងរហូតដល់ចំនួន ១,០០០គ្រឿង និងរថក្រោះចំនួន៣៦,០០០គ្រឿង។

លោក Konrad Muzyka នាយកទីប្រឹក្សាយោធា Rochan ដែលមានមូលដ្ឋាននៅក្នុងប្រទេស ប៉ូឡូញបាននិយាយថា «នេះនឹងក្លាយជាសមយុទ្ធកម្រិតយុទ្ធសាស្ត្រតូចបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែសក្តានុពល នៃកងកម្លាំងជើងគោកទាំងមូល ត្រូវបានចូលរួមនៅក្នុងប្រតិបត្តិការនៅក្នុងប្រទេសអ៊ុយក្រែន៕