(ប៉េកាំង)៖ សហរដ្ឋអាមេរិកបញ្ជូនកប៉ាល់ចម្បាំងរបស់របស់ខ្លួនធ្វើដំណើរឆ្លងកាត់ជ្រោយតៃវ៉ាន់ ខណៈដែលកងកម្លាំងរំដោះប្រជាជនចិន នៃបញ្ជាការដ្ឋានទទួលបន្ទុក មុខព្រួញខាងកើត បានត្រៀមលក្ខណៈខ្ពស់ប្រុងប្រៀបការផ្ទុះអាវុធដើម្បីការពារដែនអធិបតេយ្យភាពជាតិចិន។ កប៉ាល់ចម្បាំងទាំង២គ្រឿងរបស់សហរដ្ឋអាមេរិក Ticonderoga-Class Guided Missile Cruisers USS Antietam CG54 និង USS Chancellorsville CG62 បានធ្វើដំណើរឆ្លងកាត់ជ្រោយកោះតៃវ៉ាន់ Taiwan Straight កាលពីថ្ងៃអាទិត្យ ទី២៨ សីហា ឆ្នាំ២០២២ ក្រោយដំណើរទស្សនកិច្ចទើបនឹងបញ្ចប់របស់សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី Marsha Blackburn។

ដំណើររបស់លោកស្រី Marsha Blackburn ដែលជាប្រធានគណៈកម្មាធិការបំរើកិច្ចការអាវុធ និងពាណិជ្ជកម្មនៃស្ថាប័នព្រឹទ្ធសភាអាមេរិកលើកោះតៃវ៉ាន់ ចាប់តាំងពី ល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦សីហា បានបញ្ចប់នៅថ្ងៃសៅរ៍ ទី២៧ សីហា។ សហរដ្ឋអាមេរិកបានចាត់ទុកការធ្វើដំណើរ នៃកប៉ាល់ចម្បាំងរបស់ខ្លួន គឺជាសេរីភាពនៃ ដំណើរឆ្លងកាត់តំបន់នៃដែនលំហផ្ទៃទឹកអន្តរជាតិ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ។ ការធ្វើដំណើរឆ្លងកាត់ជ្រោយសមុទ្ទតៃវ៉ាន់នេះ ត្រូវសហរដ្ឋអាមេរិក បានចាត់ទុកថា គឺជាការប្តេជ្ញារបស់សហរដ្ឋអាមេរិកចពោះគោលការណ៍ ឥណ្ឌូប៉ាស៊ីស៊ីហ្វិកសេរី និងបើកចំហរ ប៉ុន្តែដំណើរឆ្លងកាត់ជ្រោយកោះតៃវ៉ាន់ ដែលប្រទេសចិន បានចាត់ទុកថាកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់សាធារណរដ្ឋប្រជាមានិតចិននោះ ត្រូវរដ្ឋាភិបាលក្រុងប៉េកាំងបានចាត់ទុកថាជាការលើកទឹកចិត្តដល់ក្រុមផ្តាច់ខ្លួន តៃវ៉ាន់ដែលចង់ធ្វើអបគមន៍កោះចេញពីការត្រួតត្រារបស់ចិនដីគោក។

បញ្ជាការដ្ឋានផ្នែកស្លាបខាងកើតនៃកងកម្លាំងរំដោះប្រជាជនចិន បានថ្លែងថា គេបានស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។ មន្ត្រីនាំពាក្យយោធានៃបញ្ជាការដ្ឋានផ្នែកស្លាប ខាងកើតនៃកងកម្លាំងរំដោះប្រជាជនចិន លោកវរសេនីយ៍ឯក Shi Yi បានថ្លែងថា កងកម្លាំងក្រោមបញ្ជាការដ្ឋានផ្នែកស្លាបខាងកើត បានស្ថិតក្នុងស្ថានភាពត្រៀម ប្រុងប្រយ័ត្នខ្ពស់គ្រប់ពេលវេលាដើម្បី ការត្រៀមវាយកម្ទេចផែនការទុច្ចរិតរបស់សត្រូវ។ ស្ថានការណ៍ផុយស្រួចដែលអាចឈានដល់ការផ្ទុះអាវុធគ្រប់ពេលវេលា បើសិនជាមានហេតុការណ៍យល់ច្រឡំណាមួយអាចកើតឡើងនោះ បានធ្វើឱ្យសាធារណមតិក្នុងតំបន់មានក្តីព្រួយបារម្ភជាខ្លាំង។

ក្រសួងការពារជាតិតៃវ៉ាន់ បានថ្លែងកាលពីថ្ងៃអាទិត្យ ទី២៨ សីហាថាក្នុងពេលដែលមានការបារម្ភប្រឈមមុខគ្នានោះ គេបានប្រទះឃើញនាវាចិន៨គ្រឿង និងយន្តហោះចម្បាំងចិន ២៣គ្រឿងបានស្ថិតក្នុងតំបន់ហ៊ុព័ទ្ធជុំវិញកោះតៃវ៉ាន់។ វត្តមានយន្តហោះ និងកប៉ាល់ចម្បាំងរបស់កងកម្លាំងរំដោះប្រជាជនចិន មានតាំងពីព្រឹក រហូតដល់ម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ទី២៨ សីហា។

ភាពព្រួយបារម្ភនោះ បានរំសាយការភ័យខ្លាចទៅវិញដោយសារគ្មានការផ្ទុះអាវុធណាមួយ បានកើតឡើងឡើយ។ ភាពតានតឹងលើកោះតៃវ៉ាន់ បានចាប់ផ្តើមតាំងពីមាន ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី ណានស៊ី ប៉េឡូស៊ី នាដើមខែសីហា និងដំណើរទស្សនកិច្ចជាបន្តបន្ទាប់មកទៀតរបស់ក្រុមសភាអាមេរិក និងមន្ត្រី របស់រដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន។ ក្នុងមួយខែសីហាដែលជិតនឹងកន្លងផុតមកនេះ ដំណើរទស្សនកិច្ចរបស់ក្រុមសភាអាមេរិក មានយ៉ាងហោច៣លើក ដែលដំណើរទស្សនកិច្ចចុងខែសីហានេះ បានធ្វើដោយលោកស្រី Marsha Blackburn ដែលជាសមាជិកព្រឹទ្ធសភាទទួលបន្ទុកផ្នែកកិច្ចការអាវុធ និងពាណិជ្ជកម្ម ។

លោកស្រី Marsha Blackburn បានប្រាប់មេដឹកនាំកោះតៃវ៉ាន់លោកស្រី សៃ អ៊ឹងវិន នូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះឯករាជ្យភាពរបស់កោះតៃវ៉ាន់។ លោកស្រី Marsha Blackburn បានថ្លែងលើកទឹកចិត្តមេដឹកនាំកោះតៃវ៉ាន់ថាអ្វីដែលលោកស្រី សៃ អ៊ឹងវិន បានលើកឡើងនូវតម្លៃចែករំលែកនោះគឺជាសម្តីដ៏ត្រឹមត្រូវណាស់ ដែលសហរដ្ឋអាមេរិកមានសេចក្តីស្រឡាញ់លើសេរីភាព, ស្រឡាញ់លើប្រជាធិបតេយ្យ និងវាតាមពិតទៅ មានសារៈសំខាន់ណាស់ដែលបណ្តាប្រជាជាតិស្រឡាញ់សេរីភាព គាំទ្រតៃវ៉ាន់គ្រាដែលស្វែងរកការថែរក្សាឯករាជ្យរបស់ខ្លួននិងសេរីភាពរបស់ខ្លួន។

សហរដ្ឋអាមេរិកបានបន្តបញ្ជួនសមាជិកសភារបស់ខ្លួនធ្វើដំណើរមកកាន់កោះតៃវ៉ាន់ជាបន្តបន្ទាប់ ដែលការបង្កើននូវសកម្មភាពនេះ គឺនៅក្រោយដែលសហរដ្ឋអាមេរិក គិតថាប្រទេសចិន នៅមិនទាន់ហ៊ានប្រឈមជាមួយនឹងសហរដ្ឋអាមេរិកលើកម្លាំងយោធាឡើយ យ៉ាងហោចក្នុងរយៈពេល៤ឆ្នាំទៅមុខទៀតនេះ។ ប៉ុន្តែចុះបើសិន ជាចិន និងរុស្ស៊ី រួមសហការគ្នា ដើម្បីទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកវិញនោះតើស្ថានការណ៍ពិភពលោកនឹងអាចមានការប្រែប្រួលដែរឬទេ? សេចក្តីរាយការណ៍ពី ក្រុមអ្នកតាមដានស្ថានការណ៍វិវត្តន៍ពិភពលោក បានថ្លែងថា បើសិនជាមានការសម្រេចរួមគ្នារវាងប្រទេសមហាអំណាចនុយក្លែអ៊ែ័រទាំង២ នោះមែនពិភពលោកទាំងមូល មិនមែនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ដែលនឹងត្រូវប្រឈមនូវភាពក្រឡាប់ចាក់។

នាពេលនេះ សេចក្តីរាយការណ៍បានបង្ហាញថាចិន និងរុស្ស៊ីបានរៀបចំជាបណ្តើរនូវផែនការ សហការប្រទាក់ក្រឡាគ្នា ដើម្បីការត្រៀមទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិក ខណៈដែលរដ្ឋាភិបាលក្រុងវ៉ាស្ហ៊ីនតោន ក៏បានរៀបចំយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការត្រៀមទប់ទល់ទៅវិញដែរ។ សហរដ្ឋអាមេរិកដែលមិនផ្តោតក្តីសង្ឃឹម លើការរកដំណោះស្រាយនៃសង្គ្រាមអ៊ុយក្រែនតាមរយៈការចរចា ត្រៀមនឹងប្រកាសឱ្យមានឯកអគ្គរដ្ឋទូតរបស់ខ្លួនមួយចូលក្នុងតំបន់ Artic។ សេចក្តីរាយការណ៍ បានបង្ហាញថាសហរដ្ឋអាមេរិក មានគំរោងតែងតាំងឧត្តមសេនីយ៍យោធា ម្នាក់ដើម្បីដឹកនាំកិច្ចប្រឹងប្រែងផ្តល់ជំនួយនិងការហ្វឹកហ្វឺន និងប្រកាសឈ្មោះបេសកកម្ម យោធារបស់ខ្លួនគាំទ្រអ៊ុយក្រែន។ គម្រោងតែងតាំងនេះ ត្រូវគេបញ្ជាក់ថានឹងប្រកាសអនុវត្តនាពេលបន្តិចទៀតខាងមុខនេះ។ ការប្រកាសឈ្មោះប្រតិបត្តិការរបស់ សហរដ្ឋអាមេរិកនាពេលខាងមុខនេះ ត្រូវគេចាត់ទុកថា គឺជាការទទួលស្គាល់ជាផ្លូវការនូវកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងវិស័យយោធា ដែលអ្វីទាំងនេះគឺស្រដៀងគ្នានឹងអ្វីដែល ក្រសួងការពារជាតិអាមេរិកធ្លាប់បានធ្វើក្នុងបេសកកម្មរបស់ខ្លួននៅប្រទេសអ៊ីរ៉ាក់និងក្នុងប្រទេសអាប់កានីស្ថាន ។

គម្រោងនៃការធ្វើសកម្មភាពទាំងនោះហើយ គឺជាការធ្វើឱ្យសហរដ្ឋអាមេរិក អាចទុកចិត្តនូវគំរោងរបស់ខ្លួនទាំងការពិនិត្យការធ្វើសង្គ្រាមក្នុងអ៊ុយក្រែនផង និងការចង់ ពិនិត្យផែនការរបស់រុស្ស៊ីនិងចិនផងក្នុងតំបន់ Artic។ ប្រទេសចិននិងប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន បានអំពាវនាវរកកិច្ចសហការវាងគ្នាកាន់តែ ជិតស្និទ្ធជាមុនបន្ថែមទៀត ដែលការអំពាវនាវរបស់ប្រទេសទាំង២នោះ ហើយបានធ្វើឱ្យសហរដ្ឋអាមេរិក បានស្ថិតក្នុងស្ថានភាពលំបាកមួយក្នុងការប្រឈមមុខអ្វីដែលនឹងអាចកើតមាន ក្នុងតំបនអាក់ទិក។

តំបន់អាក់ទិក គឺជាតំបន់ដែលធ្លាប់តែមានស្ថិរភាពនិងសន្តិភាព ប៉ុន្តែតំបន់ Artic គឺជាតំបន់ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ។ ក្នុងតំបន់នោះ មានប្រទេសចំនួន៨ ដែលអះអាងការគ្រប់គ្រងរបស់ខ្លួន និងបានរៀបចំជារដ្ឋនៃសមាជិកក្នុងក្រុមប្រឹក្សាថែមទៀត។ ប្រទេសទាំងនោះ គឺប្រទេសកាណាដា, ដាណាម៉ាក, ហ្វាំងឡង់, Iceland, ណ័រវ៉េ, រុស្ស៊ី, ស៊ុយ អែត និងសហរដ្ឋអាមេរិក។ ប្រទេសចិន កាលពីឆ្នាំ២០១៨ បានប្រកាសនូវគម្រោងរបស់ខ្លួន កសាងផ្លូវសូត្រក្នុងតំបន់ប៉ូលនោះ Polar Silk Road ដែលជាផ្លូវបណ្តាញដឹកជញ្ជួនដ៏សំខាន់មួយ។ រដ្ឋាភិបាលចិនបានហៅប្រទេសខ្លួនឯងជាប្រទេសជិតតំបន់អាក់ទិក Near-Artic State បើទោះបីជាមិនមែនជាសមាជិក របស់អាក់ទិកក៏ដោយ។

រុស្ស៊ីដែលកិច្ចសហការកាន់តែជិតស្និទ្ធជាមួយនឹងប្រទេសចិន បានបើកសាឡើងវិញនូវអតីតទីកន្លែងយោធាច្រើនរយកន្លែងរបស់ខ្លួនដែលធ្លាប់មានក្នុងតំបន់អាក់ទិក កាលពីមុន នោះមក។ ការបើកតំបន់យោធាវិញនេះ គឺជាសញ្ញាព្រមានមួយទៅកាន់សហរដ្ឋអាមេរិកពី ព្រោះផ្លូវដែលធ្វើដំណើរឆាប់បំផុតនៃមីស៊ីលរុស្ស៊ី ទៅកាន់តំបន់ អាមេរិកខាងជើងនោះ គឺត្រូវឆ្លងកាត់លើតំបន់ប៉ូលខាងជើងនោះ។ ការព្រួយបារម្ភនេះ បានជម្រុញឱ្យអគ្គលេខាធិការអង្គការណាតូ ដែលធ្វើទស្សនកិច្ចក្នុងប្រទេស កាណាដានាពេលថ្មីៗនេះ បានថ្លែងរកការជួយជម្រុញជាបន្ថែមនូវសមត្ថភាពរបស់សមាជិកនៃអង្គការអត្លង់ទិកខាងជើង។

«មេដឹកនាំអង្គការណាតូ Jen Stoltenberg បានថ្លែងថាគេបានដឹងហើយថាភាពសំខាន់របស់តំបន់ភាគខាងជើង High North គឺការបង្កើនថែមទៀតនូវសមត្ថភាព សម្រាប់ណាតូនិង សម្រាប់ប្រទេសកាណាដា ពីព្រោះគេបានឃើញការកសាងសមត្ថភាពយោធារុស្ស៊ីសំខាន់ ដែលមានមូលដ្ឋានថ្មី, មានប្រព័ន្ធអាវុធថ្មី និងបានប្រើប្រាស់តំបន់ High North ធ្វើជាកន្លែងសាកល្បងសម្រាប់អាវុធទំនើបរបស់គេរួម មានទាំងអាវុធមីស៊ីល Hypersonic លឿនជាងសម្លេងផងទៀត»

ប្រទេសកាណាដាដែលជាសមាជិកអង្គការណាតូ បានរងការរិះគន់ថាមានការចំណាយ តិចតួចណាស់លើការកសាងសមត្ថភាពយោធារបស់ខ្លួន។ ក្រោយការដែល មានសង្គ្រាមរបស់រុស្ស៊ីដាក់លើអ៊ុយក្រែននោះមក, រដ្ឋាភិបាលកាណាដាបានសម្រេចបង្កើនការចំណាយលើសមត្ថភាពលើកងកម្លាំង NORAD ទំហំ៣ពាន់ ៨០០លានដុល្លារ។ NORAD គឺជាកងកម្លាំងរួមគ្នារវាងសហរដ្ឋអាមេរិកនិងកាណាដា មានន័យថា North American Defense Organisation។

ដូច្នេះ ចំពោះចិនដើម្បីការទប់ទល់នឹងសហរដ្ឋអាមេរិកបាន, ប្រទេសរុស្ស៊ី គឺជាប្រទេសគន្លឹះមួយដែលនឹងអាចធ្វើឱ្យសហរដ្ឋអាមេរិកអាចញញើតបាន។ អ្នកវិភាគ បានថ្លែងថាដើម្បីការទប់ទល់ជាមួយនឹងសហរដ្ឋអាមេរិកនោះ យុទ្ធសាស្ត្រគ្រប់ទាំងអស់ត្រូវបាន ប្រទេសរៀបចំពិនិត្យ និងដាក់ចេញគ្រប់ទាំងអស់។ បើសិនជា ការប្រឈមមុខទាំងនេះ នឹងអាចក្លាយជាសង្គ្រាមមែននោះ សហរដ្ឋអាមេរិក ក៏មិនអាចចៀសផុតនូវមហន្តរាយនៃសង្គ្រាមលោកលើកទី៣បានដែរ៕