(ស្តុកខុល)៖ នាយករដ្ឋមន្រ្តីស៊ុយអែត លោកស្រី ម៉ាកដាឡេណា អាន់ដឺសសុន (Magdalena Andersson) បាននិយាយថា ប្រទេសស៊ុយអែតនឹងផ្តល់ជំនួយយោធាចំនួន ៤៦.៧៥លានដុល្លារបន្ថែមទៀតដល់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

លោកស្រី អាន់ដឺសសុន បានប្រាប់ក្រុមអ្នកសារព័ត៌មានដូចខាងលើ បន្ទាប់ពីទទួលជួបជាមួយរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន លោក ឌីមីទ្រី គូឡេបា (Dmytro Kuleba) សម្រាប់កិច្ចពិភាក្សាអំពីផែនការផ្តល់ជំនួយយោធា និងស៉ីវិល ក្នុងទំហំទឹកប្រាក់សរុបចំនួន ៩៣.៤៩លានដុល្លារ របស់រដ្ឋាភិបាលស៊ុយអែត ដែលនឹងត្រូវផ្តល់ឲ្យទីក្រុងកៀវ។

ក្នុងជំនួបនោះ លោក គូឡេបា បានអំពាវនាវដល់ប្រទេសស៊ុយអែត ឲ្យផ្តល់អាវុធដូចជាកាំភ្លើងធំ និងគ្រាប់ផ្លោង ជាដើម។ លោករដ្ឋមន្រ្តីការបរទេសអ៊ុយក្រែន បានគូសបញ្ជាក់ទៀតថា «ដរាបណាសង្រ្គាមនៅតែបន្ត យើងនឹងស្នើសុំអាវុធបន្ថែម»

យ៉ាងនេះក្តី លោកស្រីនាយករដ្ឋមន្រ្តីស៊ុយអែត មិនបានផ្តល់ព័ត៌មានលម្អិតអំពីកញ្ចប់ជំនួយយោធានេះទេ ប៉ុន្តែបាននិយាយថា វាស្រដៀងគ្នានឹងជំនួយពីមុនដែរ ដែលរួមមានអាវុធប្រឆាំងរថក្រោះ, ឧបករណ៍ការពារខ្លួន និងឧបករណ៍បោសសម្អាតមីន ព្រមជាមួយនឹងការប្តេជ្ញាចិត្តថា នឹងបន្តជួយដល់ទីក្រុងកៀវ ដរាបណាសង្រ្គាមនៅតែបន្ត។ ដោយឡែក កញ្ចប់ជំនួយស៉ីវិលនឹងរួមបញ្ចូលនូវការទិញស្រូវសាលីរបស់អ៊ុយក្រែន ហើយបញ្ចូនទៅកាន់ប្រទេស ដែលប្រឈមនឹងការខ្វះខាតស្បៀងអាហារ ក៏ដូចជាការជួយជំរុញសេដ្ឋកិច្ចរបស់អ៊ុយក្រែនផងដែរ៕