(មូស្គូ)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គី ឡារ៉ូវ (Sergey Lavrov) បាននិយាយថា ចលនាមិនចូលបក្សសម្ព័ន្ធមានសក្តានុពលវិជ្ជមាន និងលើកទឹកចិត្តក្នុងការដោះស្រាយបញ្ហាអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយដោយ សារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ថ្លែងប្រាប់ទូរទស្សន៍រដ្ឋ Zvezda លោក ឡារ៉ូវ បានកត់សម្គាល់យ៉ាងដូច្នេះថា «ចលនាមិនចូលបក្សសម្ព័ន្ធ គឺបានផ្តល់ភាពវិជ្ជមាននិងការលើកទឹកចិត្ត ជាពិសេសក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកពហុប៉ូល, តម្លាភាព និងប្រជាធិបតេយ្យ»

លោក ឡារ៉ូវ បន្តថា «វាជាដំណើរការសត្យានុម័តមួយ ដែលក្នុងប្រវត្តិសាស្រ្តត្រូវបានកំណត់ដោយ ការអភិវឌ្ឍអន្តរជាតិមិនស្មើភាពគ្នា។ តំបន់ដែលធ្លាប់ជាតំបន់ផ្នែកខាងក្រោយរបស់ពិភពលោក នាពេលនេះកំពុងក្លាយជាក្បាលម៉ាស៊ីន នៃសេដ្ឋកិច្ចពិភពលោក, ជាមជ្ឈមណ្ឌលថ្មីនៃកំណើនសេដ្ឋកិច្ច ក៏ដូចជានៃអំណាចហិរញ្ញវត្ថុ ដែលមានឥទ្ធិពលផ្នែកនយោបាយកាន់តែខ្លាំងឡើង»

គួរបញ្ជាក់ថា ប្រមុខការទូតរុស្ស៉ីរូបនេះ បានលើកយក ប្រទេសចិន ឥណ្ឌា អេហ្ស៊ីប តួកគី ម៉ិកស៊ិក ប្រេស៊ីល អាហ្សង់ទីន និងបណ្តារដ្ឋមួយចំនួននៅអាហ្វ្រិក ធ្វើជាឧទាហរណ៍នៃសសរស្តម្ភរបស់សណ្តាប់ធ្នាប់ពិភពលោក ដោយថាប្រទេសទាំងនោះ បានចូលរួមកសាងពិភពលោកពហុប៉ូល យ៉ាងពិតប្រាកដនិងមានរយៈពេលយូរ។ បើតាមលោក ឡារ៉ូវ ចលនាមិនចូលបក្សសម្ព័ន្ធ ដែលមាន១២០សម្លេង នៅក្នុងអង្គការសហប្រជាជាតិ គឺអាចមានសមត្ថភាព ក្នុងការជះឥទ្ធិពលដោយផ្ទាល់លើ ការសម្រេចចិត្តផ្សេងៗនៅទីនោះ សម្រាប់ការអភិវឌ្ឍបន្ថែមទៀតរបស់មនុស្សជាតិទាំងមូល៕