(វ៉ាស៉ីនតោន)៖ នៅយប់ថ្ងៃចន្ទនេះ ទីភ្នាក់ងារអវកាសអាមេរិក ណាសា (NASA) នឹងធ្វើតេស្តបាញ់បង្ហោះគ្រាប់រ៉ុក្កែតអវកាសស៊េរីថ្មី ដែលត្រូវបានអភិរឌ្ឍឡើង ដើម្បីបញ្ជូនមនុស្សត្រឡប់ទៅកាន់ ឋានព្រះចន្ទសាជាថ្មីវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន The Guardian នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

នៅក្នុងបេសកកម្មឈ្មោះថា អាទីមីសទី១ (Artemis 1) យានអវកាស Orion ដែលបំពាក់នៅលើ គ្រាប់រ៉ុក្កែតអវកាសយក្ស SLS ដែលមានប្រវែង៩៨ម៉ែត្រ និងទម្ងន់២,៦០០តោន នឹងត្រូវបាញ់បង្ហោះសាកល្បងលើកដំបូង នាវេលាម៉ោង ៨៖៣៣នាទីព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅតំបន់ភាគខាងកើតអាមេរិក) ត្រូវនឹងម៉ោង៧៖៣៣នាទីយប់ថ្ងៃដដែល (ម៉ោងនៅកម្ពុជា) ចេញពីមូលដ្ឋានបង្ហោះយានអវកាស នៅជ្រោយខាណាវើរ៉ាល (Cape Canaveral) នៃរដ្ឋផ្លូរីដា ភាគខាងកើតសហរដ្ឋអាមេរិក។

ការធ្វើតេស្តខាងលើត្រូវគេរំពឹងថា នឹងមានរយៈពេល៤២ថ្ងៃ ហើយត្រូវធ្វើដំណើរសរុបចម្ងាយជាង២លានគីឡូម៉ែត្រ ដើម្បីឆ្ពោះទៅកាន់ គន្លងព្រះចន្ទរួចត្រឡប់មកកាន់ផែនដីវិញ ខណៈកំលុងពេលនោះ ក៏មានទាំងការហោះឆ្វែលទៅកៀកចម្ងាយត្រឹម ១០០គីឡូម៉ែត្រពីផ្ទៃព្រះចន្ទចំនួន ២លើកផងដែរ។

សម្រាប់ការធ្វើតេស្តលើកទីមួយនេះ គឺយាន អូរីអន (Orion) មិនផ្ទុកយានអវកាសយានិកមែនទែនទេ ប៉ុន្តែមានរូបមនុស្សសិប្បនិម្មិត ចំនួន៣នាក់ ដែលនឹងអនុញ្ញាតឱ្យ NASA អាចវាយតម្លៃលើឈុតអវកាសជំនាន់ថ្មីរបស់ខ្លួន ហើយនិងកម្រិតវិទ្យុសកម្មជាដើម។ ភាពជោគជ័យនៃបេសកកម្មនេះ នឹងជួយរុញច្រាន NASA ឱ្យកាន់តែខិតជិតគោលដៅថែមទៀត ក្នុងការបញ្ជូនអវកាសយានិកចំនួន២នាក់ ក្នុងនោះម្នាក់ជាស្រ្តីដំបូងគេ ឱ្យទៅជាន់លើដីនៅប៉ូលខាងត្បូងរបស់ព្រះចន្ទ មុនឈានចូលដល់ឆ្នាំ២០២៥។

គួរបញ្ជាក់ថា បេសកកម្មសាកល្បងលើកទី២ ឈ្មោះថា អាទីមីសទី២ គឺត្រូវបានកំណត់នឹងប្រព្រឹត្តទៅ នៅក្នុងខែឧសភា ឆ្នាំ២០២៤។ ក្នុងបេសកកម្មនោះ អវកាសយានិក៤នាក់ នឹងត្រូវបញ្ជូនទៅគន្លងក្បែរព្រះចន្ទ ហើយត្រឡប់មកវិញ ដោយពុំមានការចុះចតនៅទីនោះឡើយ។ វានឹងជាការបញ្ជូនមនុស្សចេញទៅឆ្ងាយពីគន្លងរបស់ផែនដីយើង ជាលើកទីមួយគិតចាប់តាំងពីបេសកកម្ម អាប៉ូឡូទី១៧ (Apollo 17) កាលពីខែធ្នូ ឆ្នាំ១៩៧២។

បេសកកម្ម Apollo 17 ដែលបានប្រព្រឹត្តទៅកាលពីជិត៥០ឆ្នាំមុន គឺបាននាំយកមនុស្ស២នាក់ចុងក្រោយគេ ក្នុងចំណោមមនុស្សតែ ១២នាក់គត់ និងជាបុរសទាំងអស់ ដែលមានវាសនាបានទៅឈានជើងជាន់លើផ្ទៃព្រះចន្ទ នៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ គឺលោក ហារីស្សុន ឈ្មីត (Harrison Schmitt) និងលោក យូជីន សឺណាន (Eugene Cernan)៕