(អ៉ីស្ថាមម៉ាបាដ)៖ រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះថា ប្រទេសរបស់លោកត្រូវការជំនួយហិរញ្ញវត្ថុ ជាបន្ទាន់ ដើម្បីដោះសា្រយបញ្ហាគ្រោះទឹកជំនន់ ហើយលោកសង្ឃឹមថាស្ថាប័នហិរញ្ញវត្ថុ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងគិតគូរពីផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ចរបស់ប៉ាគីស្ថាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

លោក បាឡាវ៉ាល ប៊ូតតូ ហ្សាដារី (Bilawal Bhutto-Zardari) រដ្ឋមន្រ្តីការបរទេសប៉ាគីស្ថាន បានប្រាប់ Reuters យ៉ាងដូច្នេះថា «ខ្ញុំមិនដែលបានឃើញ ការបំផ្លិចបំផ្លាញធំបែបនេះទេ ហើយខ្ញុំពិតជាពិបាកនឹងរកពាក្យមកបរិយាយខ្លាំងណាស់...ពិតណាស់ វាមានភាពធ្ងន់ធ្ងរលើសលប់»។ លោកបន្ថែមថា ដំណាំជាច្រើនសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើន ត្រូវបានបំផ្លាញទាំងស្រុង ហើយជាក់ស្តែង វានឹងជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ច ប៉ាគីស្ថានទាំងមូល។

ប្រទេសអាស៉ីខាងត្បូងមួយនេះ បានធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ចរួចទៅហើយ ដោយប្រឈមនឹងអតិផរណាខ្ពស់ រូបិយបណ្ណធ្លាក់ចុះ និងឱនភាពជាដើម។ ក្រុមប្រឹក្សារបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នឹងសម្រេចចិត្ត នៅក្នុងសប្តាហ៍នេះថាតើត្រូវបញ្ចេញទឹកប្រាក់ចំនួន ១.២ពាន់លានដុល្លារ ដែលជាផ្នែក នៃជំនួយទី៧ និងទី៨ នៃកម្មវិធីសង្រ្គោះរបស់ប្រទេសប៉ាគីស្ថាន ដែលបានបញ្ចូលកាលពីឆ្នាំ២០១៩ ដែរឬយ៉ាងណា។ សម្រាប់បញ្ហានេះ លោក ហ្សាដារី បានគូសបញ្ជាក់ថា «តទៅមុខទៀត ខ្ញុំរំពឹងថាមិនត្រឹមតែ IMF ប៉ុណ្ណោះទេ ប៉ុន្តែសហគមន៍អន្តរជាតិ ក៏ដូចជាទីភ្នាក់ងារផ្តល់ជំនួយដ៏ទៃទៀតនឹងយល់ច្បាស់ អំពីកម្រិតនៃការបំផ្លិចបំផ្លាញនេះ»

គួរបញ្ជាក់ថា គ្រោះទឹកជំនន់បានបង្កការបំផ្លិចបំផ្លាញ នៅភាគខាងជើង និងភាគខាងត្បូង ប្រទេសប៉ាគីស្ថាន ដែលប៉ះពាល់មនុស្សជាង ៣០លាននាក់ និងបានសម្លាប់មនុស្សជាង ១,០០០នាក់ ហើយ៕