(ការ៉ាកាស)៖ ឯកអគ្គរដ្ឋទូតកូឡុំប៊ីថ្មី គឺលោក អាម៉ាន់ដូ បេនេដេតទី (Armando Benedetti) បានធ្វើដំណើរទៅដល់រដ្ឋធានី ការ៉ាកាស (Caracas) នៃប្រទេសវ៉េណេស៊ុយអេឡាហើយ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ខណៈប្រទេសទាំង២ បានស្តារទំនាក់ទំនងការទូតពេញលេញឡើងវិញ ក្រោយការផ្ដាច់ទំនាក់ទំនងការទូតនឹងគ្នាជាង ៣ឆ្នាំមកនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ឯកអគ្គរដ្ឋទូតកូឡុំប៊ីថ្មី បានសរសេរនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «ទំនាក់ទំនងរវាងកូឡុំប៊ី ជាមួយវ៉េណេស៊ុយអេឡា មិនគួរត្រូវបាន កាត់ផ្តាច់ឡើយ។ យើងជាបងប្អូននឹងគ្នា ហើយគ្មានអ្វីអាចបំបែកពួកយើងបានទេ»។ ក្នុងពេលទៅដល់រដ្ឋធានីការ៉ាកាស លោក បេនេដេតទី ត្រូវបានទទួល ស្វាគមន៍ដោយអនុរដ្ឋមន្ត្រីការបរទេសវ៉េណេស៊ុយអេឡា គឺលោក រ៉ាន់ដឺ ប៉េណា រ៉ាមីរ៉េស (Rander Pena Ramirez) ដែលបានគូសបញ្ជាក់ដែរថា ទំនាក់ទំនងជាប្រវត្តិសាស្ត្ររវាងប្រទេសទាំង២ បាននាំឲ្យមានធ្វើការជាមួយគ្នា ដើម្បីសេចក្តីសុខនៃប្រជាជនប្រទេសទាំង២។

គួរបញ្ជាក់ថា បន្ថែមពីលើការស្ដារទំនាក់ទំនងការទូតឡើងវិញ កូឡុំប៊ី និងវ៉េណេស៊ុយអេឡា ក៏នឹងបើកដំណើរការព្រំដែនចម្ងាយជាង ២,០០០គីឡូម៉ែត្រ ឡើងវិញ ស្របពេលដែលមេដឹកនាំនៃប្រទេសទាំងពីរ បានប្រកាសពីចេតនាដើម្បីស្តារទំនាក់ទំនងផ្នែកយោធា ផងដែរ៕