(វីយែន)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក ចូសេព បូរែល (Josep Borrell) បាននិយាយថាកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ដែលគ្រោងនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះ ទំនងជានឹងមិនអាចប្រមូលបាននូវការគាំទ្រជាឯកច្ឆន្ទ ជុំវិញបម្រាមទិដ្ឋាការ លើពលរដ្ឋរុស្សីនោះទេ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ថ្លែងប្រាប់ទូរទស្សន៍ ORF របស់ប្រទេសអូទ្រីស កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ លោក បូរែល បានគូសបញ្ជាក់ថា «ខ្ញុំមិនគិតថាការកាត់ផ្តាច់ ទំនាក់ទំនងជាមួយប្រជាជនស៊ីវិលរុស្ស៊ី នឹងអាចជួយអ្វីបានឡើយ ហើយខ្ញុំក៏មិនគិតដែរថាគំនិតនេះនឹងទទួលបានការគាំទ្រជាឯកច្ឆន្ទ»។ ខ្ញុំគិតថាអ្វីដែល យើងធ្វើនៅពេលនេះ គឺពិនិត្យឡើងវិញនូវនីតិវិធីដែលពលរដ្ឋរុស្សីខ្លះទទួលបានទិដ្ឋាការ... ហើយយើងត្រូវតែសំដៅទៅរកអ្នកដែលគួរជាប់ទណ្ឌកម្ម បន្ថែមទៀត។ ប៉ុន្តែ ខ្ញុំមិនគាំទ្រឡើយចំពោះការបញ្ឈប់ការផ្តល់ទិដ្ឋាការដល់ប្រជាជនរុស្ស៊ីទាំងអស់»

គួរបញ្ជាក់ថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអំពាវនាវឱ្យសហរដ្ឋអាមេរិក ដាក់បម្រាមទិដ្ឋាការលើពលរដ្ឋរុស្ស៉ីជាលើកដំបូង កាលពីដើមខែសីហានេះ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Washington Post ហើយលោក ហ្សេលេនស្គី ក៏បានស្នើដូចគ្នានេះផងដែរទៅកាន់ សហភាពអឺរ៉ុប៕