(តូក្យូ)៖ ជប៉ុន និងសហរដ្ឋអាមេរិក បានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា ក្នុងនោះរួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិត ដោយប្រើមីស៊ីលប្រឆាំងរថក្រោះ ពាក់ស្មា ហ្សាវេលីន (Javelin) ជាអាវុធដែលសហរដ្ឋអាមេរិកបានផ្ដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

សមយុទ្ធយោធារួមគ្នាខាងលើ បានចាប់ផ្ដើមធ្វើឡើង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះនៅឯទីលានហ្វឹកហាត់ នៅលើកោះគ្យូស៊ូ (Kyushu) ដោយ មានការចូលរួមពីកងកម្លាំងស្វ័យការពារជប៉ុនចំនួន ១,៤០០នាក់ និងយោធាអាមេរិក ៧០០នាក់។ សមយុទ្ធយោធានេះមានគោលដៅអភិវឌ្ឍសមត្ថភាព ក្នុងការការពារដែនកោះរបស់ជប៉ុន ដែលនៅក្នុងតំបន់ដាច់ស្រយាល។

គួរបញ្ជាក់ថា មីស៊ីលប្រឆាំងរថក្រោះពាក់លើស្មា Javelin ត្រូវបានទាហានអ៊ុយក្រែនប្រើប្រាស់ ដើម្បីការពារទីក្រុងកៀវ ពីទាហានរុស្ស៉ី ហើយនៅក្នុងសមយុទ្ធ នេះទៀតសោត ដែលនឹងត្រូវបន្តធ្វើរហូតដល់ថ្ងៃទី៣ ខែកញ្ញាខាងមុខនេះ កងកម្លាំងស្វ័យការពារជប៉ុនក៏បានប្រើប្រព័ន្ធមីស៊ីលប្រឆាំងរថក្រោះដទៃទៀត ផងដែរ៕