(កាប៊ុល)៖ រដ្ឋមន្ត្រីការពារជាតិស្ដីទី នៃរដ្ឋាភិបាលតាលីបង់ បានចោទប្រកាន់ថាប៉ាគីស្ថានបានអនុញ្ញាតឱ្យយន្ដហោះដ្រូនអាមេរិក ប្រើប្រាស់ដែនអាកាសរបស់ខ្លួន ដើម្បីធ្វើសកម្មភាពវាយប្រហារ ក្នុងទឹកដីអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

លោក មុលឡោះ មហំាម៉ាត់ យ៉ាក់កូប (Mullah Mohammad Yaqoob) ជារដ្ឋមន្ត្រីការពារជាតិស្ដីទីនៃរដ្ឋាភិបាលតាលីបង់ ធ្វើការសម្គាល់ខាងលើ នៅឯសន្និសីទ សារព័ត៌មានមួយ ក្នុងទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ជាមួយការបញ្ជាក់ថាយន្ដហោះដ្រូនអាមេរិកបានហោះចូលទឹកដីអាហ្វហ្កានីស្ថាន តាមប៉ាគីស្ថាន។ លោក មហំាម៉ាត់ យ៉ាក់កូប បានគូសបញ្ជាក់ដូច្នេះថា «បើតាមព័ត៌មានដែលយើងទទួលបាន យន្ដហោះដ្រូនអាមេរិកបានហោះឆ្លងកាត់ប៉ាគីស្ថាន ចូលក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ពួកគេ (អាមេរិក) បានប្រើដែនអាកាសរបស់ប៉ាគីស្ថាន ហើយយើងបានស្នើទៅប៉ាគីស្ថាន កុំប្រើប្រាស់ដែនអាកាសរបស់អ្នក ប្រឆាំងនឹងពួកយើង»

គួរបញ្ជាក់ថា អាជ្ញាធរប៉ាគីស្ថាន ក៏ធ្លាប់បានច្រានចោលផងដែរនូវការចោទប្រកាន់ខាងលើរបស់រដ្ឋាភិបាលតាលីបង់ បន្ទាប់ពីយន្ដហោះដ្រូនអាមេរិកត្រូវបានគេ រាយការណ៍ថាបានដឹកនាំការវាយប្រហារតាមផ្លូវអាកាស ក្នុងទីក្រុងកាប៊ុល កាលពីខែកក្កដាកន្លងទៅ ដោយបានសម្លាប់មេដឹកនាំក្រុមអាល់កៃដា ឈ្មោះ អៃម៉ាន់ អាល់ ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri)៕