(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក បាននិយាយថារុស្ស៉ីមិនចង់អើពើឡើយ ចំពោះហានិភ័យនៃការលេចធ្លាយសារធាតុវិទ្យុសកម្ម នៅឯរោងចក្រថាមពល នុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៉ីយ៉ា (Zaporizhzhia) នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីទីក្រុងមូស្គូ រារាំងការអនុម័តសេចក្ដីថ្លែងការណ៍រួម ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៩ ខែសីហា ឆ្នាំ២០២២។

ក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះថាសហព័ន្ធរុស្ស៉ី បានសម្រេចចិត្តតែម្នាក់ឯង ក្នុងការបិទខ្ទប់សេចក្ដីថ្លែងការណ៍រួមស្ដីពីការរំសាយអាវុធនុយក្លេអ៊ែរ នៅក្រោមសន្ធិសញ្ញា NPT ហើយការធ្វើបែបនេះ វាបាន បង្ហាញថារុស្ស៉ីមិនចង់អើពើឡើយ ចំពោះហានិភ័យនៃមហន្តរាយលេចធ្លាយសារធាតុវិទ្យុសកម្មនៅឯរោងចក្រ ហ្សាប៉ូរីសហ្ស៉ីយ៉ា នៅក្នុងប្រទេសអ៊ុយក្រែន។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិក ធ្វើឡើង ក្រោយរុស្ស៉ីកាលពីថ្ងៃសុក្រសប្ដាហ៍មុន បានរារាំងការអនុម័តលើសេចក្ដីថ្លែងការណ៍រួមមួយស្ដីពី ការរំសាយអាវុធនុយក្លេអ៊ែរ ខណៈតំណាងភាគីរុស្ស៉ី បានអះអាងថាការសម្រេចចិត្តនេះធ្វើឡើងដោយសារតែទីក្រុងមូស្គូយល់ថាសេចក្ដីថ្លែងការណ៍រួមដែល មានកម្រាស់ជាង ៣០ទំព័រខាងលើ មិនមានតុល្យភាព និងមានចេតនានយោបាយ។

សន្ធិសញ្ញាទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលមានប្រទេសចំនួន ១៩១ ជាហត្ថលេខី តែងតែត្រូវបានឆ្លងកាត់ការត្រួតពិនិត្យ ជារៀងរាល់ ៥ឆ្នាំម្ដង ក្នុងគោលបំណងទប់ស្កាត់ការរីកសាយអាវុធនុយក្លេអ៊ែរ លើកកម្ពស់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង និងកិច្ចសហប្រតិបត្តិការ លើការប្រើថាមពលនុយក្លេអ៊ែរប្រកបដោយសន្តិភាព៕