(ទ្រីប៉ូលី)៖ ក្រសួងសុខាភិបាលបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងអ្នកគាំទ្ររដ្ឋាភិបាល និងក្រុមប្រឆាំងរបស់ប្រទេសលីប៊ីកើនដល់ ៣២នាក់ ក្រោយការវាយប្រយុទ្ធគ្នាដ៏សាហាវ បានផ្ទុះឡើងនៅទូទាំងរដ្ឋធានីទ្រីប៉ូលី នៃប្រទេសលីប៊ី កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដែលជាអំពើហិង្សាដ៏អាក្រក់បំផុត ក្នុងរយៈពេលជាង ២ឆ្នាំមកនេះ ចំពោះមុខការភ័យខ្លាចពីលទ្ធភាពនៃការផ្ទុះសង្រ្គាមទ្រង់ទ្រាយធំសាជាថ្មី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

ការប៉ះទង្គិចគ្នាដោយ ប្រដាប់អាវុធខាងលើ គឺកើតមានឡើងរវាងកម្លាំងរដ្ឋាភិបាលរួបរួមជាតិលីប៊ី (GNU) មានមូលដ្ឋានក្នុងរដ្ឋធានីទ្រីប៉ូលីដឹកនាំដោយលោក អាប់ឌុលហាមីត អាល់ ឌីបៃបាស់ (Abdulhamid al-Dbeibah) និងកងកម្លាំងរបស់លោក ហ្វាត់ធី បាសាហ្កា (Fathi Bashagha) ដែលគាំទ្រដោយសភា មានមូលដ្ឋាន ស្ថិតនៅភាគខាងកើត ប្រទេសលីប៊ី។

ការវាយប្រយុទ្ធគ្នានេះដែរ គឺមានគោលដៅក្នុងការដណ្ដើមគ្រប់គ្រងរដ្ឋាភិបាលមានមូលដ្ឋានក្នុងរដ្ឋធានី ទី្រប៉ូលី រវាងគូបដិបក្ខទាំង២។ ការវាយប្រយុទ្ធគ្នានេះ ទៀតសោត ក៏កំពុងបង្កឱ្យមានការភ័យខ្លាចផងដែរថា អាចរុញប្រទេសលីប៊ី ធ្លាក់ចូលក្នុងភ្លើងសង្រ្គាមសាជាថ្មី ស្របពេលប្រទេសមួយនេះកំពុងជាប់គាំង ខាងនយោបាយ ជុំវិញការរៀបចំការបោះឆ្នោតសកលដែលត្រូវបានពន្យារពេលជាច្រើនលើកកន្លងមកនេះ៕