(ឡុងដ៍)៖ ក្រសួងការពារជាតិអង់គ្លេស បាននិយាយថាខ្លួនមិនទាន់ដឹងច្បាស់ថាតើទីក្រុងមូស្គូ នឹងកែនកងទ័ពបន្ថែមដោយរបៀបណានោះទេ ប៉ុន្តែ ជឿថាវាទំនងជានឹងមិនអាចជួយអ្វីបានច្រើនឡើយ ក្នុងការបង្កើនថាមពលប្រយុទ្ធដល់កងទ័ពរុស្ស៉ីនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

នៅក្នុងការធ្វើបច្ចុប្បន្នជាប្រចាំស្ដីពីសង្រ្គាមនៅអ៊ុយក្រែន នៅថ្ងៃអាទិត្យនេះ ក្រសួងការពារជាតិអង់គ្លេស បានឱ្យដឹងទៀតថាខ្លួនក៏មិនដឹងច្បាស់ នោះដែរថាតើការកែនកងទ័ពរបស់រុស្ស៉ី នឹងត្រូវធ្វើឡើងតាមរយៈការជ្រើសរើសអ្នកស្ម័គ្រចិត្តបន្ថែម ឬក៏តាមរយៈការកែនកងទ័ពនៅទូទាំងប្រទេស ឬយ៉ាងណានោះទេ។ ក្រសួងការពារជាតិអង់គ្លេស បានគូសបញ្ជាក់ នៅក្នុងសារមួយបង្ហោះលើ Twitter បន្ថែមដូច្នេះថា «មិនថាប្រើមធ្យោបាយ ណានោះទេ ក៏វានឹងមិនធ្វើឱ្យប្រែប្រួលអ្វីធំដុំដល់សង្រ្គាមនៅអ៊ុយក្រែនដែរ។ ពីព្រោះរុស្ស៉ីបានបាត់បង់កងទ័ពរាប់ម៉ឺននាក់ រីឯកងទ័ពថ្មីដែលជាប់ កិច្ចសន្យាមានចំនួនតិចតួចប៉ុណ្ណោះត្រូវបានជ្រើសរើស ហើយជាលក្ខណៈបច្ចេកទេស ការកែនទ័ព គឺមិនតម្រូវជាកាតព្វកិច្ចឱ្យបម្រើការងារនៅក្រៅ ទឹកដីរបស់រុស្ស៉ី នោះឡើយ»

គួរបញ្ជាក់ថា ការកត់សម្គាល់របស់ក្រសួងការពារជាតិអង់គ្លេស ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយបង្គាប់ឱ្យបង្កើនចំនួនកងទ័ពរុស្ស៉ី ពី ១.៩លាននាក់ ដល់ ២.០៤លាននាក់៕