(ប៉េកាំង)៖ យោធាចិន នៅថ្ងៃអាទិត្យនេះ បាននិយាយថាខ្លួនកំពុងតាមដានសកម្មភាពនាវាចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបាន និងកំពុងធ្វើ ដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ជាមួយការប្រុងជើងការខ្ពស់ និងត្រៀមខ្លួនជាស្រេចដើម្បីបង្ក្រាបសកម្មភាពបង្កហេតុណាមួយ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៨ ខែសីហា ឆ្នាំ២០២២។

នាវាចម្បាំងអាមេរិកចំនួន ២គ្រឿង បាន និងកំពុងធ្វើដំណើរឆ្លងកាត់ដែនទឹកអន្តរជាតិ ក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ជាលើកដំបូងចាប់តាំងពីផ្ទុះ ភាពតានតឹងខ្លាំង រវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី ប្រធានសភាតំណាងរាស្ត្រ ណាន់ស៊ី ផេឡូស៊ី កាលពីដើមខែសីហា នេះមក។

បើតាមកងទ័ពជើងទឹកអាមេរិក នាវាចម្បាំង យូអេសអេស ឈែនសែលល័រវីល (USS Chancellorsville) និងយូអេសអេស អាន់ទីតាំ (USS Antietam) បានដឹកនាំ ប្រតិបត្តិការនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយប្រតិបត្តិការនេះកំពុងបន្តធ្វើឡើងនៅឡើយ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាវាចម្បាំងអាមេរិក និងម្ដងម្កាល រួមមានទាំងនាវាចម្បាំងមកពីប្រទេសជាសម្ព័ន្ធមិត្តអាមេរិក ដូចជាអង់គ្លេស និងកាណាដា ជាដើម បានធ្វើដំណើរឆ្លងកាត់តំបន់ច្រកសមុទ្រតៃវ៉ាន់ ហើយដែលសកម្មភាពបែបនេះតែងតែបង្កឱ្យចិនខឹងសម្បារ៕