(វ៉ាសូវី)៖ រថយន្តធុនតូច និងរថយន្តដឹកទំនិញរាប់សិបគ្រឿង បានឈប់តម្រាបជួរគ្នា នៅឯតំបន់អណ្តូងរ៉ែធ្យូងថ្ម លូបិលស្គី វ៉េហ្គេល បូក្គ៍ដាន់កា (Lubelski Wegiel Bogdanka) ក្នុងប្រទេសប៉ូឡូញ នាចុងរដូវក្ដៅនេះ ដើម្បីទិញប្រេងឥន្ធនៈស្តុកទុក ខណៈដែលប្រជាជនមានការភ័យខ្លាចចំពោះកង្វះខាតសម្រាប់ការប្រើប្រាស់ នារដូវរងារខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។

ប្រទេសប៉ូឡូញបានហាមប្រាមការទិញឧស្ម័នរបស់រុស្ស៉ីភ្លាមៗនៅក្នុងខែមេសា ខណៈដែលប្លុក EU បានកំណត់ឲ្យប្រទេសជាសមាជិក បញ្ឈប់នៅខែសីហា។ ទោះបីជា ប៉ូឡូញផលិតបានជាង ៥០លានតោនមពីអណ្តូងរ៉ែរបស់ខ្លួនជារៀងរាល់ឆ្នាំ ប៉ុន្តែធ្យូងថ្មដែលនាំចូលភាគច្រើនពីរុស្ស៊ីគឺមានសារៈសំខាន់សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារដោយសារតែតម្លៃប្រកួតប្រជែង ហើយការពិតធ្យូងថ្មរបស់រុស្ស៊ីត្រូវបានលក់រាយក្នុងតម្លៃសមរម្យ សម្រាប់ការប្រើប្រាស់នៅតាមផ្ទះ។

លោក អាតធឺ (Artur) អាយុ ៥៧ឆ្នាំ ជាបុគ្គលិកចូលនិវត្តន៍ម្នាក់ បានប្រាប់ Reuters ថា លោក បានបើករថយន្តចេញពីទីក្រុងស្វីតនីក (Swidnik) ចម្ងាយប្រហែល ៣០គីឡូម៉ែត្រ ពីតំបន់អណ្តូងរ៉ែនៅភាគខាងកើតប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសង្ឃឹមថានឹងទិញធ្យូងថ្មជាច្រើនតោន សម្រាប់ប្រើប្រាស់ក្រុមគ្រួសាររបស់លោក។ លោកត្រូវសម្រាកក្នុងរថយន្តរយៈពេល៣យប់ក្នុងជួររថយន្តដឹកទំនិញ ត្រាក់ទ័រ សណ្តោង រ៉ឺម៉ក និងរថយន្តឯកជនផ្សេងទៀត។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ូឡូញគឺជាប្រទេសដែលរិះគន់យ៉ាងខ្លាំងបំផុត ចំពោះគោលនយោបាយអាកាសធាតុរបស់សហភាពអឺរ៉ុប និងជាអ្នកការពារដ៏រឹងមាំនៃធ្យូងថ្មដែលបង្កើតបានរហូតដល់ ៨០% នៃអគ្គិសនីរបស់ខ្លួន។ ប៉ុន្តែទិន្នផលធ្យូងថ្មបានធ្លាក់ចុះជាលំដាប់ ដោយសារតម្លៃ នៃការជីកយករ៉ែក្នុងកម្រិតកាន់តែជ្រៅ បានកើនឡើង៕