(មូស្គូ)៖ មន្រ្តីជំនិតបំផុតម្នាក់របស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រសប្តាហ៍នេះ បាននិយាយថា ទីក្រុងមូស្គូនឹងបញ្ឈប់ការធ្វើសង្រ្គាមនៅអ៊ុយក្រែនឡើយ បើទោះបីជាទីក្រុងកៀវប្រកាសបោះបង់ចោលជាផ្លូវការ នូវចេតនាចង់ចូលរួមក្នុងអង្គការណាតូ (NATO) ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៧ ខែសីហា ឆ្នាំ២០២២។

កំលុងបទសម្ភាសន៍មួយជាមួយ ស្ថានីយទូរទស្សន៍បារាំង LCI លោក ឌីមីទ្រី មេដវ៉េដេវ (Dmitry Medvedev) ដែលជាអតីតប្រធានាធិបតី និងបច្ចុប្បន្នជា អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរបស់ប្រទេសរុស្ស៉ី បានលើកឡើងដូច្នេះថា «ការប្រកាសបោះបង់ចោលក្តីសង្ឃឹមចូលរួមក្នុង បក្សសម្ព័ន្ធយោធាអាត្លង់តិចខាងជើង (NATO) គឺជារឿងចាំបាច់មួយនាពេលឥឡូវនេះ ប៉ុន្តែវាមិនគ្រប់គ្រាន់ដើម្បីឆ្ពោះទៅរកសន្តិភាពនោះទេ»។

លោក មេដវ៉េដេវ បានលើកឡើងថា រុស្ស៉ីនឹងបន្តប្រតិបត្តិការយោធាពិសេសរបស់ខ្លួននៅអ៊ុយក្រែន រហូតសម្រេចបានគោលដៅទាំងអស់។ កន្លងមកនេះ លោក ពូទីន ផ្ទាល់ ធ្លាប់និយាយថា ការធ្វើសង្រ្គាមនៅអ៊ុយក្រែន គឺលោកចង់កម្ចាត់គំនិតណាហ្ស៉ីនិយម នៅក្នុងប្រទេសនេះ។ រីឯទីក្រុងកៀវនិងក្រុមប្រទេសលោកខាងលិចវិញ បាននិយាយថា វាគឺជាលេសដែលគ្មានមូលដ្ឋានត្រឹមត្រូវ សម្រាប់ការបំផ្ទុះសង្រ្គាមរំលោភទឹកដីនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ចាប់តាំងតែពីការឈ្លានពានរបស់រុស្ស៉ីបានចាប់ផ្តើមមក ទីក្រុងកៀវនិងទីក្រុងមូស្គូ បានបើកកិច្ចចរចាប៉ុន្មានលើកជាមួយគ្នា ក៏ប៉ុន្តែកិច្ចចរចាទាំងនោះ មិនសម្រេចបានភាពរីកចម្រើនអ្វីឡើយ ស្តីពីការឆ្ពោះទៅរកសន្តិភាព ហើយមកទល់នឹងពេលនេះទៀតសោត មានលទ្ធភាពតិចតួចប៉ុណ្ណោះ ដែលថាកិច្ចសន្ទនានឹងបន្តឡើងវិញរវាងភាគីទាំងពីរ៕