(បាងកក)៖ រដ្ឋមន្ត្រីការបរទេសថៃលោក Don Pramudwinai បានឱ្យដឹងនៅថ្ងៃថា ការព្យួរតំណែងរបស់លោកឧត្តមសេនីយ៍ Prayut Chan-o-cha ពីនាយករដ្ឋមន្ត្រី នឹងមិនប៉ះពាល់ដល់កិច្ចប្រជុំកំពូលរបស់វេទិការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងត្រូវធ្វើឡើងនៅក្នុងប្រទេសថៃក្នុងខែវិច្ឆិកានោះទេ។

បើយោងតាមកាសែតបាងកកប៉ុស្តិ៍ ឆ្លើយតបទៅនឹងសំណួរអំពីឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ដែលចូលកាន់តំណែងជានាយករដ្ឋមន្ត្រីជាបណ្តោះអាសន្នជំនួសលោក Prayut, លោករដ្ឋមន្ត្រី Don បាននិយាយថា វាមិនប៉ះពាល់ដល់ទំនុកចិត្តអន្តរជាតិនៅក្នុងប្រទេសថៃនោះទេ ។

លោក Anek Laothamatas រដ្ឋមន្ត្រីក្រសួងស្រាវជ្រាវ និងនវានុវត្តន៍ វិទ្យាសាស្ត្រឧត្តមសិក្សា បាននិយាយថា ឧត្តមសេនីយ៍ Prawit ដែលជាឧបនាយករដ្ឋមន្ត្រីជាន់ខ្ពស់បំផុតថៃ បានចាប់ផ្តើមធ្វើការងារជានាយករដ្ឋមន្ត្រីស្តីទីហើយនៅថ្ងៃពុធ។ លោក Don បាននិយាយថា រហូតមកដល់ពេលនេះ ផែនការសម្រាប់កិច្ចប្រជុំកំពូល APEC ឆ្នាំ២០២២ នៅខែវិច្ឆិកា មិនរងផលប៉ះពាល់ដោយសារការព្យួរការងាររបស់ឧត្តមសេនីយ៍ Prayut នោះទេ។

លោក Don បានបន្ថែមថា ឧត្តមសេនីយ Prawit តែងតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅនៅក្នុងប្រទេសផ្សេងៗ នៅពេលណាដែលលោកចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិ តំណាងឱ្យលោកឧត្តមសេនីយ៍ Prayut ឬនៅពេលដែលលោកបានចូលរួមបំពេញភារកិច្ចនៅបរទេសកាលពីអតីតកាលក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។ លោកបានបន្តថា ដរាបណាមានការដឹងច្បាស់នៅមុនខែវិច្ឆិកាថា តើលោកឧត្តមសេនីយ៍ Prayut នឹងបន្តតួនាទីរបស់គាត់ ឬអ្នកផ្សេងជំនួសគាត់នៅក្នុងកិច្ចប្រជុំកំពូលនោះ វាមិនគួរមានបញ្ហាអ្វីនោះទេ។

ការព្យួរនេះនឹងមិនរំខានដល់ការងាររបស់គណៈរដ្ឋមន្ត្រីទេ ព្រោះវាគ្រាន់តែជាវិធានការបណ្តោះអាសន្នដែលត្រូវបានអនុម័ត ខណៈដែលលោកឧត្តមសេនីយ៍ Prayut កំពុងរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញថា តើលោកបានធ្វើការងារជានាយករដ្ឋមន្ត្រីលើសពេលកំណត់ ឬយ៉ាងណា, នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕