(មូស្គូ)៖ ថ្មីៗនេះប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានចេញបញ្ជាឱ្យរដ្ឋាភិបាលលោក ឧបត្ថម្ភថវិកាចំនួន ១០,០០០រូប្លិ៍ ស្មើនឹង ១៦៥ដុល្លារអាមេរិក ដល់គ្រួសារទាំងអស់មានកូនស្ថិតក្នុងវ័យ ត្រូវទៅសាលារៀន ដែលរស់នៅតាមតំបន់ត្រួតត្រាដោយកងទ័ពរុស្ស៉ី ក្នុងប្រទេសអ៊ុយក្រែន ដើម្បីព្យាយាមជំរុញឱ្យពួកគេ បញ្ជូនក្មេងៗទៅចូលរៀនឡើងវិញ ទាំងសង្រ្គាមដែលកំពុងតែបន្តប្រព្រឹត្តទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន Fox News នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

លោក ពូទីន បានចេញបញ្ជាដូចខាងលើ ក្នុងក្រឹត្យមួយដែលរូបលោក បានចុះហត្ថលេខា កាលពីថ្ងៃពុធសប្តាហ៍នេះ។ បើតាមខ្លឹមសារក្នុងនោះ ការឧបត្ថម្ភថវិកាខាងលើនឹងត្រូវធ្វើឡើង នៅតំបន់ផ្តាច់ខ្លួន ដូណេត (Donetsk) និងលូហាន់ (Luhansk) នៅភាគខាងកើតអ៊ុយក្រែន ដែលរុស្ស៉ីបានទទួលស្គាល់ជារដ្ឋឯករាជ្យ ព្រមទាំងតំបន់៣ទៀតរបស់អ៊ុយក្រែន រួមមានតំបន់ ហ្សាប៉ូរីសហ្សៀ (Zaporizhzhia), ខាកៀវ (Kharkiv) និងឃើសុន (Kherson)។

យោងតាមសេចក្តីថ្លែងការណ៍ នៅលើវែបសាយរបស់វិមានក្រឹមឡាំងរុស្ស៉ី គឺឪពុក-ម្តាយ ឬអាណាព្យាបាលស្របច្បាប់ទាំងឡាយ ដែលមានកុមារអាយុចាប់ពី៦-១៨ឆ្នាំ នឹងមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ ប្រសិនបើកូនៗពួកគេ ចាប់ផ្តើមចូលសាលារៀនវិញ នៅតាមតំបន់ទាំងនេះ មិនយូរជាងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

គួរបញ្ជាក់ថា កន្លងមកនេះ ទីក្រុងមូស្គូបានព្រមានរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីកាត់បញ្ចូលទឹកដីដែលកងទ័ពរុស្ស៉ីកាន់កាប់ នៅតំបន់ Zaporizhzhia, Kharkiv និង Kherson ទៅក្នុងផ្នែកនៃប្រទេសរបស់ខ្លួន គឺស្រដៀងនឹងអ្វីដែលរុស្ស៉ីបានធ្វើលើតំបន់គ្រីមៀ កាលពីឆ្នាំ២០១៤។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្លាប់បានលើកឡើងក្នុងខែសីហានេះថា ប្រសិនបើរុស្ស៉ីហ៊ានធ្វើប្រជាមតិ ដើម្បីកាត់យកផ្នែកណាមួយនៃទឹកដីរបស់អ៊ុយក្រែន នោះកិច្ចចរចានានារវាងទីក្រុងមូស្គូ, ទីក្រុងកៀវ, និងដៃគូអន្តរជាតិ ច្បាស់ជានឹងត្រូវបញ្ឈប់ភ្លាមៗ ជាមិនខានឡើយ៕