(អ៉ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីក្រសួងទទួលបន្ទុកបញ្ហាបម្រែបម្រួលអាកាសធាតុ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍នេះថា ភ្លៀងរដូវនិងទឹកជំនន់ដ៏អាក្រក់ៗ នារដូវខ្យល់មូសុង ក្នុងប្រទេសប៉ាគីស្ថាន បានជះផលប៉ះពាល់ដល់ មនុស្សជាង ៣០លាននាក់ ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន Al-Jazeera នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំំ២០២២។

ចំពោះមុខគ្រោះមហន្តរាយធម្មជាតិនេះ ប៉ាគីស្ថានបានទទូចសុំឲ្យសហគមន៍អន្តរជាតិ ជួយដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ ខណៈដែលខ្លួនកំពុងតស៊ូទប់ទល់នឹងផលវិបាក នៃភ្លៀងធ្លាក់ខ្លាំងដែលបានបង្កជាទឹកជំនន់ធំៗ ចាប់តាំងពីខែមុន ដោយបានសម្លាប់មនុស្សជាង ៩០០នាក់។ ក្នុងសន្និសីទសារព័ត៌មានមួយ លោកស្រី សឺរី រ៉េហ៍មែន (Sherry Rehman) រដ្ឋមន្ត្រីក្រសួងបម្រែបម្រួលអាកាសធាតុ បានឲ្យដឹងថា ប្រជាជន ៣៣លាននាក់ បានរងផលប៉ះពាល់តាមរបៀបផ្សេងៗគ្នា។ ហើយតួលេខចុងក្រោយនៃអ្នកបាត់បង់ផ្ទះសម្បែងកំពុងត្រូវបានវាយតម្លៃ។

លោកស្រី រ៉េហ៍មែន បានពិពណ៌នាគ្រោះទឹកជំនន់នាពេលនេះថាជា «គ្រោះមហន្តរាយផ្នែកមនុស្សធម៌ដ៏ធំធេង» ដែលបានធ្វើឱ្យមនុស្សរាប់ពាន់នាក់ គ្មានអាហារ និងទីជម្រក។ លោកស្រីបន្ថែមថា «យើងត្រូវស្នើសុំជំនួយ ដែលមិនត្រឹម តែសម្រាប់ខេត្ត និងទីក្រុងអ៊ីស្លាម៉ាបាដប៉ុណ្ណោះទេ ប៉ុន្តែវាហួសពីសមត្ថភាពរបស់រដ្ឋបាល ឬរដ្ឋាភិបាល ក្នុងការស្តារនីតិសម្បទា, ការជួយសង្គ្រោះ និងដោះស្រាយបញ្ហាប្រឈមផ្សេងទៀត»

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក សាបាស៍ សារីហ្វ (Shahbaz Sharif) បានដល់សប្បុរសជននានាឲ្យជួយដល់ តំបន់ដែលរងគ្រោះដោយទឹកជំនន់ក្នុងប្រទេសប៉ាគីស្ថាន។ បើតាមរដ្ឋមន្ត្រីក្រសួងផែនការ និងអភិវឌ្ឍន៍ លោក អាសាន អ៉ីបាល, មនុស្សប្រហែលជាង ៣០លាននាក់ ដែលកំពុងរងផលប៉ះពាល់នេះ គឺប្រហែលនឹង ១៥ភាគរយ នៃចំនួនប្រជាជនសរុបតំណាងឲ្យប្រទេសអាស៊ីខាងត្បូង៕