(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននៅថ្ងៃសុក្រនេះ បានប្រកាសថា ថវិកាសរុប១.៨៣លានដុល្លារអាមេរិក នឹងត្រូវចំណាយទៅលើការរៀបចំ ពិធីបុណ្យសពថ្នាក់ជាតិជូនដល់ អតីតនាយករដ្ឋមន្រ្តីជប៉ុន លោក អាបេ ស៉ីនហ្សូ (Abe Shinzo) ដែលត្រូវបានគេធ្វើឃាត កាលពីខែកក្កដាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

លោក អាបេ ដែលជាអតីតនាយករដ្ឋមន្រ្តីជប៉ុន កាន់អំណាចយូរជាងគេបង្អស់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្នុងព្រឹត្តិការណ៍ ឃោសនាបោះឆ្នោតសភាជាន់ខ្ពស់ ក្នុងទីក្រុងមួយនៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងទី៨ ខែកក្កដា។ ទោះបីជាភ្លាមៗនោះ ពិធីបុណ្យសពលក្ខណៈឯកជន ត្រូវបានធ្វើឡើងរួចហើយសម្រាប់លោក អាបេ ក៏ដោយ រដ្ឋាភិបាលជប៉ុនបានសម្រេចថា នឹងរៀបចំ ពិធីបុណ្យសពថ្នាក់ជាតិទ្រង់ទ្រាយធំមួយផ្សេងទៀត ជូនលោក នៅកីឡដ្ឋាន នីពផុន ប៊ូដូកាន់ (Nippon Budokan) នៃទីក្រុងតូក្យូ នាថ្ងៃទី២៧ ខែកញ្ញា ខាងមុខនេះ។

នាយករដ្ឋមន្រ្តីជប៉ុនលោក គីស៉ីដា ហ្វូមីអុ (Kishida Fumio) បានសម្រេចថា ការចំណាយសម្រាប់ពិធីបុណ្យសពថ្នាក់ជាតិរបស់លោក អាបេ នឹងត្រូវរ៉ាប់រងទាំងស្រុងដោយថវិការបស់រដ្ឋ។ យ៉ាងណាមិញ ការស្ទង់មតិជាបន្តបន្ទាប់ បានបង្ហាញថា សាធារណជនជប៉ុនភាគច្រើន នៅតែមិនគាំទ្រ ឱ្យមានការរៀបចំ ពិធីបុណ្យសពថ្នាក់ជាតិ ជូនលោក អាបេ ឡើយ។

ប្រជាជនជប៉ុនមានការខឹងសម្បារជាខ្លាំង ចាប់ពីតាំងតែពីមានការលាតត្រដាងអំពី ចំណងទាក់ទងរវាងគណបក្សកាន់អំណាច និង ក្រុមសាសនាចម្រូងចម្រាសមួយហៅថា Unification Church។ ជនសង្ស័យជាឃាតក ក្នុងករណីឃាតកម្មលើលោក អាបេ គឺមានគំនុំប្រឆាំងនឹង ក្រុមសាសនា Unification Church ដោយចោទថា វាជាមូលហេតុដែលធ្វើឱ្យម្តាយខ្លួនក្ស័យធន ហើយទម្លាក់កំហុសទៅលើ លោក អាបេ ថាបានជួយផ្សព្វផ្សាយអំពីក្រុមសាសនាមួយនេះ។ បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្រោមការវាយតម្លៃជំងឺផ្លូវចិត្ត និងមិនទាន់មានការកាត់ទោសនៅឡើយទេ។

គួរបញ្ជាក់ថា មេដឹកនាំនិងអតីតមេដឹកពិភពលោកមួយចំនួន ត្រូវគេរំពឹងនឹងមកចូលរួម ពីធីបុណ្យសពថ្នាក់ជាតិ របស់លោក អាបេ ហើយក្នុងនោះ អាចរួមមានទាំងវត្តមានរបស់ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ។ ចំណែកប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន វិញ នឹងមិនបានមកចូលរួមដោយផ្ទាល់ឡើយ បើតាមការអះអាងរបស់វិមានក្រឹមឡាំង កាលពីខែកក្កដា៕