(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោកស្រី សៃ អ៉ីងវិន (Tsai Ing-wen) បាននិយាយនៅថ្ងៃសុក្រនេះថា ដំណើរទស្សនកិច្ចរបស់មន្ត្រី និងសមាជិកសភាសហរដ្ឋអាមេរិក នាពេលថ្មីៗនេះបានពង្រឹងការប្តេជ្ញាចិត្តរបស់កោះតៃវ៉ាន់ ក្នុងការការពារខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

ក្នុងជំនួបជាមួយលោកស្រី ម៉ាស់សា ប្លែកប៊ឺន (Marsha Blackburn) ជាសមាជិកព្រឹទ្ធសភាអាមេរិក នៃកម្មាធិការពាណិជ្ជកម្ម និងសេវាកម្មកងប្រដាប់អាវុធ នៅទីក្រុងតៃប៉ិ លោកស្រី សៃ បានលើកឡើងយ៉ាងដូច្នេះថា «ក្នុងរយៈពេលថ្មីៗនេះ ឥស្សរជននយោបាយជាច្រើនរបស់សហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចនៅ កោះតៃវ៉ាន់។ ទង្វើដ៏កក់ក្តៅ និងសប្បុរសនេះ បានបង្ហាញនូវការគាំទ្រយ៉ាងរឹងមាំ និងបានពង្រឹងការប្តេជ្ញាចិត្តរបស់តៃវ៉ាន់ដើម្បីការពារខ្លួន»

លោកស្រី ប្លែកប៊ឺន បានប្រាប់លោកស្រី សៃ ថាសហរដ្ឋអាមេរិក និងតៃវ៉ាន់ មានតម្លៃរួមគ្នាលើសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។ លោកស្រី ប្លែកប៊ឺន បានគូសបញ្ជាក់ថា «វាពិតជាសំខាន់ណាស់ដែលប្រទេសស្រលាញ់សេរីភាពដូចគ្នា បង្ហាញការគាំទ្រចំពោះតៃវ៉ាន់ដែលកំពុងព្យាយាមរក្សាឯករាជ្យភាព និងសេរីភាពរបស់ខ្លួន»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងតៃវ៉ាន់ បានឯកភាពក្នុងការធ្វើការរួមគ្នាបន្ថែមទៀត លើកិច្ចសហប្រតិបត្តិការនៃវិស័យបច្ចេកវិទ្យា ខណៈតៃវ៉ាន់គឺជាអ្នកផលិតបន្ទះ ឈីបដ៏សំខាន់របស់ពិភពលោក។ ដំណើរទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកលោកស្រី ប្លែកប៊ឺន បានធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់ ប្រធានសភាតំណាងរាស្រ្តសហរដ្ឋអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី ទៅកាន់ដែនកោះមួយនេះ៕