(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ការវាយប្រហារតាមផ្លូវអាកាស និងកាំភ្លើងធំរបស់កងកម្លាំង អាមេរិក ដែលបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ៤នាក់ នៅឯភាគខាងកើតប្រទេសស៊ីរី គឺធ្វើឡើងតាមបទបញ្ជាក្នុងការការពារកងកម្លាំងអាមេរិក ពីការវាយប្រហារដោយកងជីវពលគាំទ្រដោយអ៉ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

លោក បៃដិន បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឱ្យបើកការវាយប្រហារ កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ដើម្បី ការពារសុវត្ថិភាពកងទ័ពបស់យើង ... និងដើម្បីរារាំងអ៉ីរ៉ង់ ក៏ដូចជាក្រុមជីវពលដែលគាំទ្រដោយអ៉ីរ៉ង់ពីសកម្មភាព ឬគាំទ្រការវាយប្រហារបន្ថែមទៀត មកលើកងទ័ព និងសម្ភារៈបរិក្ខារយោធារបស់សហរដ្ឋអាមេរិក»

លោក បៃដិន បន្ថែមថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកយ៉ាងខ្លាំងក្លា នៅស៊ីរីនារយៈពេលជាច្រើនខែកន្លងមក គឺជាការឆ្លើយតបទៅនឹងការវាយប្រហារដោយ គ្រាប់រ៉ុក្កែតជាបន្តបន្ទាប់មកលើទីតាំងរបស់កងទ័ពអាមេរិក និងដៃគូនៅក្នុងទីក្រុង ដាយ អេស ស័រ (Deir Ezzor) កាលពីថ្ងៃទី១៥ ខែសីហានេះ។

គួរបញ្ជាក់ថា ភាគខាងកើតនៃប្រទេសស៊ីរី ត្រូវបានគ្រប់គ្រងដោយកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដឹកនាំដោយក្រុមសកម្មប្រយុទ្ធឃឺដដែលជាសម្ព័ន្ធមិត្តរបស់ សហរដ្ឋអាមេរិក និងដៃគូចម្រុះផ្សេងទៀតដែលមានបេសកកម្មនៅទីនោះ។ យ៉ាងនេះក្តី ទីក្រុងតេហេរ៉ង់ បានច្រានចោលការអះអាងរបស់សហរដ្ឋអាមេរិកដែល ថាខ្លួននៅពីក្រោយការវាយប្រហាររបស់កងជីវពល ទៅលើយោធាអាមេរិកនៅក្នុងប្រទេសស៊ីរី៕