(បាងកក)៖ លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថាលោកនឹងបន្តកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិថៃ ដែលនេះគឺជាការអត្ថាធិប្បាយដោយផ្ទាល់ជា សាធារណៈលើកដំបូង ចាប់តាំងពីតុលាការធម្មនុញ្ញថៃបញ្ជាឱ្យព្យួរតំណែងជានាយករដ្ឋមន្ត្រី ខណៈកំពុងពិនិត្យឡើងវិញលើអាណត្តិរបស់លោក។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២។

ការកត់សម្គាល់ខាងលើរបស់លោក ប្រាយុទ្ធ ធ្វើឡើងនៅក្នុងសារមួយបង្ហោះលើបណ្ដាញ Twitter នៅថ្ងៃសុក្រនេះ។ លោក ប្រាយុទ្ធ បានគូសបញ្ជាក់យ៉ាង ខ្លីដូច្នេះថា «ខ្ញុំនឹងបន្តភារកិច្ច និងការទទួលខុសត្រូវរបស់ខ្ញុំ ក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ ដើម្បីប្រជាជន និងប្រទេសថៃជារៀងរាល់ថ្ងៃ»

តុលាការធម្មនុញ្ញថៃ បានចេញសាលក្រមព្យួរតំណែងលោក ប្រាយុទ្ធ កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទទួលយកញតិ្តរបស់គណបក្សប្រឆាំងដែលស្នើឱ្យ ពិនិត្យឡើងវិញលើអាណត្តិនាយករដ្ឋមន្ត្រី និងព្យួរតួនាទីរបស់លោកជាបណ្ដោះអាសន្ន។ ខាងគណបក្សប្រឆាំងបានអះអាងថាអាណត្តិរបស់លោក ប្រាយុទ្ធ ត្រូវបិទបញ្ចប់កាលពីថ្ងៃពុធ ដែលជាគំរប់ខួប ៨ឆ្នាំនៃការកាន់អំណាចរបស់លោក ដោយរាប់ចាប់តាំងពីឆ្នាំ២០១៤មក។ បើតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្ត្រី មិនអាចកាន់តំណែងលើសពី ៨ឆ្នាំឡើយ។

ក៏ប៉ុន្តែ ក្រុមអ្នកគាំទ្រលោក ប្រាយុទ្ធ បានអះអាងថាអាណត្តិរបស់លោក ប្រាយុទ្ធ គឺចាប់ផ្ដើមរាប់ពីឆ្នាំ២០១៧ ហើយខ្លះទៀតថាឆ្នាំ២០១៩ ដែលនេះមាន ន័យថាលោកអាចកាន់តំណែងរហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប្រសិនបើលោកនៅតែទទួលបានការគាំទ្រនៅក្នុងសភា។ យ៉ាងណាក៏ដោយ គេមិនទាន់ ដឹងច្បាស់ថាតើតុលាការធម្មនុញ្ញថៃនឹងធ្វើការសម្រេចចិត្តបែបណា ឬនៅពេលណានោះទេ ខណៈឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) កំពុងកាន់តំណែងជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន៕