(កៀវ)៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ទាហានអ៊ុយក្រែនជាង ២០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារស្ថានីយ៍រថភ្លើងមួយ នៅកណ្តាលអ៊ុយក្រែន។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងកៀវបាននិយាយថា ការវាយប្រហារនេះបានសម្លាប់មនុស្ស ២៥នាក់ ក្នុងនោះរួមទាំងកុមារផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា «ជាលទ្ធផលនៃការវាយប្រហារដោយផ្ទាល់ ដោយកាំជ្រួច Iskander នៅលើរថភ្លើងយោធានៅស្ថានីយ៍រថភ្លើង Chaplyne ក្នុងតំបន់ Dnipropetrovsk ទាហានបម្រុងជាង ២០០នាក់ នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងឧបករណ៍យោធាចំនួន ១០ត្រូវបានបំផ្លាញ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា រថភ្លើងនេះគឺធ្វើដំណើរទៅកាន់តំបន់ប្រយុទ្ធ នៅក្នុងតំបន់ Donbas ភាគខាងកើត ដែលទីក្រុងម៉ូស្គូកំពុងស្វែងរកការគ្រប់គ្រងទាំងមូល។

ទីក្រុងមូស្គូក៏បាននិយាយផងដែរថា ខ្លួនបានបំផ្លាញយន្តហោះចម្បាំងអ៊ុយក្រែនចំនួន ៨គ្រឿង ក្នុងការវាយប្រហារនៅមូលដ្ឋានទ័ពអាកាសក្នុងតំបន់ Poltava និង Dnipropetrovsk របស់អ៊ុយក្រែន។

ការវាយប្រហារនៅស្ថានីយ៍រថភ្លើង បានកើតឡើងនៅថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសអ៊ុយក្រែន និងជាព្រឹត្តិការណ៍ដ៏សំខាន់រយៈពេលប្រាំមួយខែ នៃការឈ្លានពានរបស់រុស្ស៊ី។ ដោយមុននេះប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា ទីក្រុងមូស្គូ អាចនឹងប៉ុនប៉ង «អ្វីមួយដ៏ឃោរឃៅ» នៅក្នុងសប្តាហ៍នេះ៕