(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ (២៥ សីហា) បាននិយាយថា ខ្លួនបានរកឃើញករណីគ្រុនក្តៅថ្មីចំនួន ៤ករណី នៅក្នុងតំបន់ព្រំដែនជាមួយប្រទេសចិន ដែលអាចបណ្តាលមកពីការឆ្លងវីរុសកូវីដ១៩ តែពីរសប្តាហ៍បន្ទាប់ពីមេដឹកនាំគីម ជុងអ៊ុន បានប្រកាសពីជ័យជម្នះយ៉ាងទូលំទូលាយលើជំងឺនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

ទីភ្នាក់ងារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយថា បុគ្គលិកសុខាភិបាលកំពុងធ្វើតេស្ដលើសំណាក របស់អ្នកជំងឺគ្រុនក្តៅទាំងបួននាក់នៅក្នុងខេត្ត Ryanggang ដើម្បីបញ្ជាក់ថាតើ រោគសញ្ញាត្រូវបានបង្កឡើងដោយជំងឺកូវីដ១៩ ឬយ៉ាងណា។

ភាគខាងជើងជាញឹកញាប់ប្រើពាក្យ «មេរោគសាហាវ» ដើម្បីពណ៌នាអំពីជំងឺកូវីដដ១៩។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានបន្តថា អាជ្ញាធរបានចាត់វិធានការបិទខ្ទប់ភ្លាមៗនៅតំបន់ ដែលករណីគ្រុនក្តៅលេចឡើងនេះ ហើយបន្តធ្វើការរឹតបន្តឹង រហូតដល់បុគ្គលិកសុខាភិបាលកំណត់ពីមូលហេតុនៃជំងឺ។

កូរ៉េខាងជើងបាននិយាយថា មិនមានករណីឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសណាមួយឡើយ ចាប់តាំងពីថ្ងៃទី១០ ខែសីហា នៅពេលដែល លោក គីម ប្រកាសជ័យជំនះលើវីរុសនេះ។ ទន្ធឹមគ្នានេះបានបញ្ជាឱ្យបន្ធូរបន្ថយវិធានការរឹតត្បិត ត្រឹមតែបីខែប៉ុណ្ណោះបន្ទាប់ពីប្រទេសនេះ បានទទួលស្គាល់ការផ្ទុះឡើងជំងឺកូវីដ១៩៕