(វ៉ាស៊ីនតោន)៖ បេសកជនអាកាសធាតុរបស់សហរដ្ឋអាមេរិកបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២៥ សីហា) ថា ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នឹងជួយពន្លឿនការផ្លាស់ប្តូររបស់ពិភពលោក ទៅកាន់ថាមពលកកើតឡើងវិញ ដោយសារតែការឡើងថ្លៃប្រេង និងឧស្ម័ន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

លោក Rick Duke បេសកជនរងពិសេសរបស់សហរដ្ឋអាមេរិក ទទួលបន្ទុកអាកាសធាតុ បានថ្លែងបែបនេះ នៅក្នុងវេទិកាសាកលវិទ្យាល័យជាតិអូស្ត្រាលី បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីរដ្ឋាភិបាលអូស្ត្រាលី ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីសម្រេចបានការផ្លាស់ប្តូរឆ្ពោះទៅរកការបំភាយឧស្ម័នផ្ទះកញ្ចក់ត្រឹមឆ្នាំ២០៥០។

លោក Duke បានពណ៌នាអំពីការលុកលុយរបស់រុស្ស៊ីដែល បានចាប់ផ្តើមកាលពីប្រាំមួយខែមុនថាជា «កត្តាជំរុញភូមិសាស្ត្រនយោបាយដ៏ធំបំផុតមួយនៅពេលនេះ» សម្រាប់ការផ្លាស់ប្តូរជាសកលឆ្ពោះទៅរកថាមពលកកើតឡើងវិញ។

អូស្ត្រាលីគ្រោងនឹងកាត់បន្ថយការពឹងផ្អែកខ្លាំងរបស់ខ្លួន លើបន្ទះស្រូបពន្លឺព្រះអាទិត្យ (សូឡា) ដែលផលិតនៅក្នុងប្រទេសចិន ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ដោយធ្វើពិពិធកម្មដៃគូពាណិជ្ជកម្មរបស់ខ្លួន ខណៈដែលរដ្ឋាភិបាលអូស្ត្រាលីបង្កើនការផ្លាស់ប្តូរ ទៅជាថាមពលកកើតឡើងវិញ៕