(តៃប៉ិ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់តៃវ៉ាន់ បានរាយការណ៍ថា ប្រតិភូថ្មីមួយទៀតនៃមន្រ្តីអាមេរិក កំពុងធ្វើដំណើរតាមយន្តហោះ UC-35A របស់យោធាអាមេរិក ហើយត្រូវបានរំពឹងថា នឹងមកដល់ទីក្រុងតៃប៉ិ កំលុងវេលាយប់ថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

ក្រុមមន្រ្តីអាមេរិកខាងលើ នឹងក្លាយជាគណៈប្រតិភូទី៤ហើយ ដែលមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងខែសីហានេះ ខណៈដំណឹងនេះ ត្រូវបានរាយការណ៍ដំបូង ដោយស្ថានីយទូរទស្សន៍តៃវ៉ាន់ TVBS។ ទស្សនកិច្ចដំបូងគេ គឺរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) កាលពីថ្ងៃទី២ ខែសីហា ដែលបានធ្វើឱ្យចិនខឹងសម្បារជាខ្លាំង ដ្បិតវាជាទស្សនកិច្ចកម្រិតខ្ពស់បំផុតរបស់អាមេរិក នៅតៃវ៉ាន់ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយ។

ចំណែកដំណើរទស្សនកិច្ចលើកទី២ គឺត្រូវបានដឹកនាំដោយសមាជិកព្រឹទ្ធសភាអាមេរិក លោក អេដ ម៉ាឃី (Ed Markey) កាលពីថ្ងៃទី១៤ ខែសីហា។ បន្ទាប់មកទៀត កាលពីថ្ងៃទី២១ ខែសីហា គឺថ្មីៗកន្លងទៅនេះ អភិបាលរដ្ឋអ៉ីនឌីយ៉ាណា (Indiana) ក៏បានដឹកនាំប្រតិភូអាមេរិកក្រុមទី៣ មកធ្វើទស្សនកិច្ចនៅតៃវ៉ាន់។

គួរបញ្ជាក់ថា ក្រៅពីក្រុមមន្រ្តីអាមេរិក មន្រ្តីនៃប្រទេសមួយចំនួនផ្សេង ដូចជាលីទុយអានី និងជប៉ុន ជាដើម ក៏បានមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ក្នុងខែសីហានេះ ផងដែរ ខណៈប្រទេសខ្លះទៀតដូចជា កាណាដា និងចក្រភពអង់គ្លេស គឺមានផែនការបញ្ជូនប្រតិភូ ឱ្យមកធ្វើទស្សនកិច្ចដូចគ្នា នៅដែនកោះនេះ នៅប៉ុន្មានខែខាងមុខ៕