(កូឡាឡាំពួ)៖ មេដឹកនាំជើងចាស់ពីរសម័យកាលរបស់ប្រទេសម៉ាឡេស៉ី លោក មហាធៀរ មហាម៉ាត់ (Mahathir Mohamad) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អតីតនាយករដ្ឋមន្រ្តី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) ទំនងជានឹងទទួលបានការលើកលែងទោសពីព្រះមហាក្សត្រ ហើយត្រូវដោះលែងពីការជាប់ពន្ធនាគាររយៈពេល ១២ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

លោក មហាធៀរ ដែលទទួលបានជ័យជម្នះជាប្រវត្តិសាស្រ្ត ក្នុងការបោះឆ្នោតឆ្នាំ២០១៨ និងជាពេលដែលលោក ណាជីប ត្រូវធ្លាក់ពីអំណាចនោះ បាននិយាយថា ការពន្យារពេលក្នុងការកាត់ក្តីផ្សេងៗ ជុំវិញសំណុំរឿងពុករលួយរាប់ពាន់លានដុល្លារ នៃមូលនិធិ 1Malaysia Development Berhad ឬ ហៅកាត់ថា 1MDB នឹងមានន័យថា យុត្តិធម៌នឹងត្រូវបានបដិសេធចោល។ យ៉ាងណាក្តី ជុំវិញការលើកឡើងរបស់លោក មហាធៀរ ខាងលើនេះ ព្រះបរមរាជវាំងរបស់ ព្រះមហាក្សត្រម៉ាឡេស៉ី អាល់ ស៊ុលតង់ អាប់ឌុលឡា (Al-Sultan Abdullah) ដែលបានទទួលញត្តិសុំលើកលែងទោស ពីក្រុមអ្នកគាំទ្រលោក ណាជីប កាលពីថ្ងៃពុធសប្តាហ៍នេះ មិនបានឆ្លើយតបចំពោះសំណើសុំអត្ថាធិប្បាយនោះទេ។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ តុលាការកំពូលរបស់ប្រទេសម៉ាឡេស៉ី បានច្រានចោលបណ្តឹងឧទ្ធរណ៍ចុងក្រោយរបស់លោក ណាជីប ប្រឆាំងនឹងការកាត់ទោសឆ្នាំ២០២០ ដោយតុលាការជាន់ទាប ហើយបានតម្កល់ការកាត់ទោសដាក់ពន្ធនាគាររយៈពេល ១២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៤៦.៨៨លានដុល្លារ ឱ្យនៅដដែល សម្រាប់ការទទួលយកដោយខុសច្បាប់នូវទឹកប្រាក់ ១០លានដុល្លារ ពីមូលនិធិរបស់អតីតបុត្រសម្ព័ន្ធមួយ នៃក្រុមហ៊ុនរដ្ឋ 1MDB៕