(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃព្រហស្បតិ៍នេះ បានចេញបញ្ជាឱ្យមានការធ្វើបច្ចុប្បន្នភាពចំពោះ ផែនការធ្វើប្រតិបត្តិការរបស់យោធា ដើម្បីឆ្លើយតបចំពោះការគំរាមកំហែង នៃអាវុធនុយក្លេអ៊ែរនិងមីស៉ីល ដែលកាន់តែរីកធំឡើងៗពីកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

លោក យូន បានចេញបទបញ្ជាដូចខាងលើ កំលុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ទៅកាន់លេណដ្ឋានយោធាមួយកន្លែង ស្ថិតក្នុងរដ្ឋធានីសេអ៊ូល ដែលនឹងបម្រើជាទីបញ្ជាការគ្រប់គ្រង ក្នុងព្រឹត្តិការណ៍ដែលសង្រ្គាមផ្ទុះឡើង។ ការធ្វើទស្សនកិច្ចលោក ក៏ជួនគ្នាជាមួយសមយុទ្ធយោធាប្រចាំឆ្នាំ រវាងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ដែលចាប់ផ្តើមកាលពីថ្ងៃចន្ទសប្តាហ៍នេះ ផងដែរ។

សមយុទ្ធយោធាប្រចាំឆ្នាំនារដូវក្តៅ ដែលមានហៅថា Ulchi Freedom Shield នឹងត្រូវបិទបញ្ចប់ទៅវិញ នៅថ្ងៃទី១ ខែកញ្ញា ខាងមុខ ខណៈក្នុងឆ្នាំនេះ វារួមមានការចេញហ្វឹកហ្វឺននៅទីលានខាងក្រៅផ្ទាល់ជាលើកដំបូង រវាងយោធាប្រទេសទាំងពីរ ហើយព្រមទាំងមានទ្រង់ទ្រាយធំជាងមុន គិតចាប់តាំងពីតែឆ្នាំ២០១៧មក ក្រោយពីត្រូវបានកាត់បន្ថយទំហំ ដោយសារតែវិបត្តិកូវីដ១៩ ក៏ដូចជាដោយសារកិច្ចប្រឹងប្រែងរបស់ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក មូ ចេអ៉ីន ដែលចង់លើកកម្ពស់ទំនាក់ទំនងជាមួយកូរ៉េខាងជើង។

កំលុងទស្សនកិច្ចនាថ្ងៃព្រហស្បតិ៍នេះ លោក យូន ស៊ុកយុល បានប្រាប់ក្រុមមេបញ្ជាការយោធាកូរ៉េខាងត្បូងយ៉ាងដូច្នេះថា «យើងត្រូវតែត្រៀមជាបន្ទាន់ នូវចំណាត់ការនានា ដើម្បីធានានូវអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ប្រជាជនយើង ក្នុងនោះរួមមានទាំងការធ្វើបច្ចុប្បន្នផែនការសង្រ្គាម ទប់ទល់ការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៉ីលរបស់កូរ៉េខាងជើង ដែលកំពុងក្លាយជាការពិត»