(ណៃពិដោ)៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា អាជ្ញាធររបស់ប្រទេសមីយ៉ាន់ម៉ា បានឃុំខ្លួនអតីតឯកអគ្គរាជទូតអង់គ្លេស ប្រចាំប្រទេសអាស៊ានមួយនេះ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

លោកស្រី វីកគី បូមែន (Vicky Bowman) ដែលជាបច្ចុប្បន្នមានតួនាទីជាប្រធានដឹកនាំអង្គការមិនរកប្រាក់កម្រៃ MCRB នៅមីយ៉ាន់ម៉ា ធ្លាប់បម្រើការជាឯកអគ្គរាជទូតអង់គ្លេសប្រចាំមីយ៉ាន់ម៉ា ពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៦ និងជាលេខាទី២ នៅក្នុងស្ថានទូតពីឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣។ ដោយឡែក បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters, ស្វាមីរបស់លោកស្រីដែលជាវិចិត្រករមីយ៉ាន់ម៉ា ក៏ត្រូវតែបានចាប់ឃុំខ្លួនផងដែរ កាលពីថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា យ៉ាងនេះក្តីមូលហេតុជាក់លាក់ នៃការចាប់ឃុំខ្លួនអ្នកទាំងពីរ នាពេលនេះគឺមិនទាន់ច្បាស់លាស់នៅឡើយ ប៉ុន្តែសារព័ត៌មានមីយ៉ាន់ម៉ា The Irrawaddy បានចុះផ្សាយថា លោកស្រី បូមែន ត្រូវបានចាប់ខ្លួនក្រោមច្បាប់អន្តោប្រវេសន៍ និងពុំមានការលើកឡើងអំពីស្វាមីលោកស្រីនោះទេ។ ចំណែក ខាងស្ថានទូតអង់គ្លេសប្រចាំនៅទីក្រុងយ៉ាងហ្គូន បានចេញសេចក្តីថ្លែងការណ៍ថា ស្ថានទូតមានការព្រួយបារម្ភ ចំពោះករណីស្រី្តជនជាតិអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួន ដោយមិនបានសំដៅចំឈ្មោះ លោកស្រី បូមែន ឡើយ៕