(អ៉ីស្លាម៉ាបាដ)៖ ក្រសួងការបរទេសប៉ាគីស្ថាន កាលពីពុធសប្តាហ៍នេះបានប្រកាសច្រានចោល ការដោះស្រាយបិទបញ្ចប់បញ្ហាបាញ់មីស៉ីលដោយចៃដន្យ ចូលក្នុងទឹកដីរបស់ខ្លួន ពីសំណាក់រដ្ឋាភិបាលឥណ្ឌាដោយការបណ្តេញ មន្រ្តីបីរូបចេញពីតំណែងនោះឡើយ ហើយបានរំលឹកឡើងវិញនូវការទាមទារឲ្យមានការស៉ើបអង្កេតរួមគ្នា។ នេះបើយោងតាមការដកស្រង់ផ្សាយចេញពីសារព័ត៌មាន Al-Jazeera នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

រដ្ឋាភិបាលឥណ្ឌា បានសម្រេចបណ្តេញមន្រ្តីចំនួន ៣រូប ដែលមានកំហុសក្នុងពេលអនុវត្តនីតីវិធីប្រតិបត្តិស្តង់ដារ បង្កឲ្យមានការបាញ់មីស៉ីលបែបនេះ នៅថ្ងៃអង្គារសប្តាហ៍នេះ ដើម្បីបិទបញ្ចប់បញ្ហានេះ។ ក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ជាក់យ៉ាងដូច្នេះថា «ប៉ាគីស្ថានសូមច្រានចោលយ៉ាងដាច់អហង្ការ ចំពោះការបិទបញ្ចប់ឧប្បត្តិហេតុ ដែលគ្មានការទទួលខុសត្រូវខ្ពស់ ហើយបញ្ជាក់ឡើងវិញនូវការទាមទាររបស់ខ្លួន សម្រាប់ការស៉ើបង្កេតរួមគ្នា»

ក្រសួងការបរទេសប៉ាគីស្ថាន បានបន្ថែមថា វិធានការស៉ើបអង្កេតផ្ទៃក្នុង ដែលធ្វើឡើងដោយប្រទេសឥណ្ឌាខាងលើនេះ គឺមិនអាចទទួលយកបាន, មានភាពខ្វះចន្លោះ និងមិនគ្រប់គ្រាន់។ ឥណ្ឌាមិនត្រឹមតែបរាជ័យក្នុងការស៉ើបអង្កេតរួមគ្នាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានគេចវេះពីសំណួរដែលទាក់ទងនឹង បញ្ហាប្រព័ន្ធបញ្ជានិងគ្រប់គ្រងសុវត្ថិភាពសព្វាវុធ ដែលបំពាក់ក្នុងប្រទេសឥណ្ឌា, បែបបទសុវត្ថិភាពនិងសន្តិសុខ រួមទាំងហេតុផលសម្រាប់ការពន្យារពេលបាញ់មីស៉ីល ផងដែរ។

គួរបញ្ជាក់ថា ប្រ៉ាម៉ូស (BrahMos) ជាប្រភេទមីស៉ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយរុស្ស៊ី និងឥណ្ឌា ត្រូវបានបាញ់ ដោយចៃដន្យកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ដែលជំរុញឲ្យប៉ាគីស្ថាន ព្រមាន និងស្វែងរកចម្លើយតបពីទីក្រុងញូដេលី លើយន្តការសុវត្ថិភាពដើម្បី ទប់ស្កាត់កុំឱ្យហេតុការណ៍បែបនេះកើតឡើងជាថ្មី ខណៈមិនមាន នរណាម្នាក់រងរបួសនោះទេ៕