(តៃប៉ិ)៖ នៅថ្ងៃព្រហស្បតិ៍នេះ តៃវ៉ាន់បានស្នើកញ្ចប់ថវិកាវិស័យការពារជាតិ ទំហំ១៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៣ ខណៈវាគឺជាកំណើនជិត ១៤ភាគរយ បើធៀបទៅនឹងឆ្នាំ២០២២ ហើយក្នុងនោះរួមមានទាំងការចំណាយសម្រាប់ យន្តហោះចម្បាំងថ្មីៗផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

កញ្ចប់ថវិកាការពារជាតិ ដែលគណៈរដ្ឋមន្រ្តីរបស់ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃ អ៉ីនវិន (Tsai Ing-wen) បានស្នើឡើងសម្រាប់ឆ្នាំក្រោយ គឺទំហំ៥៨៦.១ពាន់លានដុល្លារតៃវ៉ាន់ ស្មើនឹង១៩.៤១ពាន់លានដុល្លារអាមេរិក ដែលជាកំណើនប្រចាំឆ្នាំ ១៣.៩ភាគរយ ធៀបនឹងឆ្នាំមុន។ នៅក្នុងនោះ រួមមានទាំងការបែងចែកថវិកា ១០៨.៣លានដុល្លារតៃវ៉ាន់ (៣.៦ពាន់លានដុល្លារអាមេរិក) ដើម្បីយកទៅចំណាយលើយន្តហោះចម្បាំង និងគ្រឿងបរិក្ខារដទៃទៀត ក៏ដូចជាកញ្ចប់ថវិកាពិសេស សម្រាប់ក្រសួងការពារជាតិ។

សំណើកញ្ចប់ថវិកាការពារជាតិខាងលើ ដែលជាចំនួនខ្ពស់បំផុតមិនធ្លាប់មាន គឺនឹងត្រូវឆ្លងកាត់ការអនុម័តរបស់សភាកោះតៃវ៉ាន់ ហើយវាគឺជាការកើនឡើង៦ឆ្នាំជាប់ៗគ្នា នៃការចំណាយរបស់តៃវ៉ាន់ ទៅលើវិស័យយោធា ចាប់តាំងតែពីឆ្នាំ២០១៧មក។ ក៏ប៉ុន្តែ កំណើនក្នុងអត្រាលេខពីរខ្ទង់ សម្រាប់ឆ្នាំ២០២៣ គឺជាកំណើនយ៉ាងធំមួយ ធៀបនឹងឆ្នាំកន្លងៗមក ដែលបានកើនក្នុងអត្រាក្រោម ៤ភាគរយប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ២០១៧។

គួរបញ្ជាក់ថា ភាពតានតឹងនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងជាខ្លាំងជាលំដាប់ ចាប់តាំងតែពីប្រធានសភាតំណាងរាស្រ្តរបស់អាមេរិក គឺលោកស្រី ណាន់ស៉ី ផេឡូស៉ី (Nancy Pelosi) បានមកបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីដើមខែសីហានេះ ធ្វើឱ្យទីក្រុងប៉េកាំងផ្ទុះកំហឹងឡើង ដ្បិតចិនចាត់ទុកដែនកោះនេះ ត្រឹមជាផ្នែកមួយប៉ុណ្ណោះនៃទឹកដីរបស់ខ្លួន។

ពាក់ព័ន្ធនឹងកញ្ចប់ថវិកាការពារជាតិរបស់ប្រទេសចិនវិញ គឺកាលពីខែមីនា ឆ្នាំ២០២២នេះ ទីក្រុងប៉េកាំងបានប្រកាសឱ្យដឹងថា ការចំណាយលើវិស័យការពារជាតិរបស់ចិន សម្រាប់ឆ្នាំ២០២២នេះ គឺនឹងមានទំហំ១.៤៥ទ្រីលានយ័ន (២១១.៦២ពាន់លានដុល្លារអាមេរិក) ដែលជាកំណើន៧.១ភាគរយ ធៀបនឹងឆ្នាំ២០២១៕