(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន ត្រូវបានគេរាយការណ៍ថាកំពុងព្រាងឡើងនូវផែនការមួយ ដើម្បីអាចនាំខ្លួនប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងមេបញ្ជាការកំពូលរបស់់លោក ឡើងសវនាការតុលាការអន្តរជាតិ ពាក់ព័ន្ធនឹង «ឧក្រិដ្ឋកម្មឈ្លានពាន»។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែសីហា ឆ្នាំ២០២២។

និយមន័យនៃ «ឧក្រិដ្ឋកម្មឈ្លានពាន» ត្រូវបានអនុម័តនៅក្នុងលក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០១០ (2010 Rome Statute) និងមានន័យស្រដៀងគ្នា នឹង «ឧក្រិដ្ឋកម្មប្រឆាំងសន្តិភាព» ដែលត្រូវបានប្រើប្រាស់ នៅក្នុងសវនាការក្នុងទីក្រុង នូរឹមបឺគ (Nuremberg) និងទីក្រុង តូក្យូ នៅក្រោយ សង្រ្គាមលោកលើកទី២។

សេចក្ដីរាយការណ៍ខាងលើ កើតមានឡើងនៅចំពេល ដែលតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ក៏កំពុងបើកការស៊ើបអង្កេតហើយដែរលើ ឧក្រិដ្ឋកម្មសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ក្នុងប្រទេសអ៊ុយក្រែន។ ក៏ប៉ុន្តែ មានភាគរយតិចតួចណាស់ ដែលគេជឿជាក់ថាលោក ពូទីន ឬមន្ត្រីជាន់ខ្ពស់រុស្ស៉ី នឹងត្រូវបាននាំខ្លួនឡើងតុលាការអន្តរជាតិ។ មួយវិញទៀត គេក៏ពិបាកនឹងធ្វើ ការចោទប្រកាន់ប្រឆាំងនឹងលោក ពូទីន ពីបទ «ឧក្រិដ្ឋកម្មឈ្លានពាន» ដែរ ដ្បិតទាំងរុស្ស៉ី និងអ៊ុយក្រែនមិនបានផ្ដល់សច្ចាប័នលើ លក្ខន្តិកៈទីក្រុងរ៉ូមឆ្នាំ២០១០ ឡើយ៕