(កៀវ)៖ លោក ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រារព្ធទិវាឯករាជ្យរបស់អ៊ុយក្រែននៅថ្ងៃពុធនេះ ដោយបានប្រកាស កញ្ចប់ជំនួយសន្តិសុខជិត៣ពាន់លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការប្រយុទ្ធរបស់ក្រុងកៀវ ប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The HILL នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

ការប្រកាសរបស់សេតវិមាននេះ បានកើតឡើងនៅពេលដែលអ៊ុយក្រែនបានត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារកាន់តែខ្លាំងពីសំណាក់រុស្ស៊ីនៅថ្ងៃបុណ្យឯករាជ្យរបស់ខ្លួន ដែលក៏ស្របពេលជាមួយនឹងរយៈពេលប្រាំមួយខែ នៃការចាប់ផ្តើមយុទ្ធនាការយោធារបស់ទីក្រុងម៉ូស្គូផងដែរ។

លោក បៃដិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅព្រឹកថ្ងៃពុធនេះដោយប្រកាសកញ្ចប់អាវុធ និងឧបករណ៍យោធាក្នុងទឹកប្រាក់ចំនួន ២.៩៨ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។ លោកបានលើកឡើងថា «ក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ប្រជាជនអ៊ុយក្រែនបានបំផុសពិភពលោក ជាមួយនឹងភាពក្លាហានដ៏អស្ចារ្យ និងការលះបង់របស់ពួកគេចំពោះសេរីភាព»។

គួរបញ្ជាក់ថា កញ្ចប់ជំនួយនេះ តំណាងឱ្យជំនួយដ៏ធំបំផុតតែមួយគត់ នៃជំនួយរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនចាប់ តាំងពីការចាប់ផ្តើម នៃសង្រ្គាមរុស្ស៊ីក្នុងខែកុម្ភៈ។ លោក បៃដិន បាននិយាយថា វានឹងអនុញ្ញាតឱ្យអ៊ុយក្រែនទទួលបានប្រព័ន្ធការពារដែនអាកាសបន្ថែមប្រព័ន្ធកាំភ្លើងធំ និងគ្រាប់បែកយន្តហោះគ្មានមនុស្សបើក និងរ៉ាដាផងដែរ៕