(ព្រុចសែល)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីភ្នាក់ងារឃ្លាំមើលស្ថានភាពគ្រោះរាំងស្ងួតអឺរ៉ុប (EDO) របស់សហភាពអឺរ៉ុប (EU) បានឱ្យដឹងថា ទ្វីបអឺរ៉ុបកំពុងតែទទួលរង គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់ខ្លួន ក្នុងរយៈពេលយ៉ាងហោច ៥០០ឆ្នាំចុងក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

ក្នុងរបាយការណ៍វិភាគប្រចាំខែសីហា ទីភ្នាក់ងារ EDO បានលើកឡើងថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានប៉ះពាល់លើតំបន់ជាច្រើននៃទ្វីបអឺរ៉ុប ចាប់តាំងតែពីដើមឆ្នាំ២០២២មកនោះ គឺបានបន្តរីករាលដាល និងកាន់តែអាក្រក់ទៅៗ គិតត្រឹមដើមខែនេះ ខណៈតំបន់អឺរ៉ុប-មេឌីទែរ៉ាណេភាគខាងលិច ទំនងជានឹងត្រូវទទួលស្ថានភាពក្តៅ ហើយស្ងួតជាងធម្មតា រហូតដល់ខែវិច្ឆិកា។

ជាមួយគ្នានេះ ដំណាំជាច្រើនមុខនារដូវក្តៅ ដូចជាពោត សណ្តែងសៀង និងផ្កាឈូករ័ត្ន សុទ្ធតែត្រូវបានព្យាករថា នឹងថយចុះទិន្នផលចន្លោះ ១២-១៦ភាគរយ ធៀបនឹងទិន្នផលជាមធ្យម នៃរយៈពេល៥ឆ្នាំកន្លងទៅ។ ចំណែកសមត្ថភាពនៃការផលិតថាមពល ដោយវារីអគ្គិសនី ក៏បានរងការប៉ះពាល់ផងដែរ។ រីឯបញ្ហាកម្រិតកម្ពស់ទឹកទាប បានបង្កភាពរាំងស្ទះចំពោះ ចរាចរណ៍ដឹកជញ្ជូនទំនិញតាមផ្លូវទន្លេ ថែមទៀតផង។

គួរបញ្ជាក់ថា គ្រោះរាំងស្ងួតបូករួមជាមួយរលកកម្តៅ បានបង្កើតសម្ពាធមិនធ្លាប់មាន ចំពោះកម្រិតទឹកនៅទូទាំងសហភាពអឺរ៉ុប ហើយប្រទេសអឺរ៉ុបជាច្រើន ក៏បានជួបប្រទះហេតុការណ៍ភ្លើងឆេះព្រៃខ្លាំង ជាងរាល់ដងផងដែរ៕