(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ អ្នកនយោបាយមួយចំនួនរបស់អាមេរិក បានដឹកនាំសម្ដែងឆាកល្ខោនដែលបានបង្កើតជា វិបត្តិនិងទម្លាក់កំហុសទៅឱ្យប្រទេសចិន។ ពាក់ព័ន្ធនឹងករណីដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្ត នៃសហរដ្ឋអាមេរិកបានទៅធ្វើទស្សនកិច្ច នៅតំបន់ចិនតៃវ៉ាន់ មន្ត្រីជាន់ខ្ពស់អាមេរិកបានចេញមុខជាបន្តបន្ទាប់ មួលបង្កាច់ប្រទេសចិនថា មាន «ប្រតិកម្មហួសហេតុ» ចំពោះដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi «បណ្តាលឱ្យទំនាក់ទំនងរវាងចិននិងអាមេរិកលេចចេញនូវវិបតិ្ត» ហើយប៉ុនប៉ងទម្លាក់កំហុសដែលបណ្តាលឱ្យស្ថានភាព នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកំដៅទៅឱ្យប្រទេសចិន។ អ្វីដែលអាក្រក់ជាងនេះទៅទៀតគឺ អ្នកនយោបាយអាមេរិកមួយចំនួន ក៏បានធ្វើដំណើរទៅកាន់តៃវ៉ាន់ជាបន្តបន្ទាប់ ដែលធ្វើឱ្យស្ថានការណ៍ច្រកសមុទ្រតៃវ៉ាន់កាន់តែតានតឹង ហាក់ដូចជាយកសាំងមកចាក់លើភ្លើង។

បើរំលឹកឡើងវិញពីវិបតិ្តតំបន់ច្រកសមុទ្រតៃវ៉ាន់លើកនេះ អ្នកដែលគ្មានគំនិតលំអៀងសុទ្ធតែអាចឃើញថា ក្រោមការញុះញង់និងការរៀបចំចាត់ចែងពីរដ្ឋាភិបាលអាមេរិក លោកស្រី Pelosi បានធ្វើទស្សនកិច្ចនៅតៃវ៉ាន់ ដោយគិតតែផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន រឿងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនូវគោលការណ៍ចិនតែមួយ និងកំណត់នៃសេចក្តីប្រកាសរួមបីច្បាប់រវាងចិននិងអាមេរិក បានបំពានយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន បំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាបានវាយប្រហារយ៉ាងខ្លាំងដល់ មូលដ្ឋាននយោបាយរបស់ទំនាក់ទំនង រវាងចិននិងអាមេរិកផងដែរ។

ដើម្បីគាំពារស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ប្រទេសចិនបានសម្តែងការប្រឆាំងយ៉ាងច្បាស់លាស់ មុនពេលដំណើរទស្សនកិច្ចលើកនេះ ហើយបានគូសបញ្ជាក់ជាច្រើនលើកពីភាពធ្ងន់ធ្ងរ និងផលវិបាកនៃដំណើរទស្សនកិច្ចនៅតៃវ៉ាន់ របស់លោកស្រី Pelosi ព្រមទាំងបានលើកឡើងថា អាមេរិកត្រូវទទួលខុសត្រូវទាំងស្រុង ចំពោះផលប៉ះពាល់ទាំងអស់ដែលបណ្តាលមកពីរឿងនេះ ដូច្នេះអាចនិយាយបានថា ប្រទេសចិនបានបញ្ជាក់ពីរឿងនេះទុកជាមុនរួចហើយ។

នាពេលថ្មីៗកន្លងទៅនេះ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្លែងថា ដំណើរទស្សនកិច្ចនៅតៃវ៉ាន់របស់លោកស្រី Pelosi មិនមែនជាទង្វើប្រកបដោយវិចារណាញ្ញាណនោះទេ គឺជាឧទាហរណ៍មួយដែលប៉ុនប៉ងដោះស្រាយបញ្ហាតាមរយៈការធ្វើបដិបក្ខ។ លោក Pereira ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅប្រទេសចិន បានលើកឡើងថា អាមេរិកទម្លាក់កំហុសទៅឱ្យប្រទេសចិន ហើយរិះគន់ប្រទេសចិនចាត់វិធានការណ៍តបតវិញ នេះជាកលល្បិចចាស់របស់អាមេរិក ដែលចង់ច្រាលចោលទំនួលខុសត្រូវរបស់ខ្លួន។ ប្រការទាំងនេះអាចបញ្ជាក់ថា ការរិះគន់របស់អ្នកនយោបាយអាមេរិកមួយចំនួន គឺគ្មានទីសំអាងទាល់តែសោះ។

បន្ទាប់ពីលោកស្រី Pelosi ធ្វើដំណើរទៅទស្សនកិច្ចនៅតៃវ៉ាន់មិនជាយូរប៉ុន្មាន លោក Ed Markey សមាជិកព្រឹទ្ធសភានៃសហរដ្ឋអាមេរិក និងលោក Eric J. Holcomb អភិបាលរដ្ឋ Indiana របស់អាមេរិក ក៏បានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅតៃវ៉ាន់ជាបន្តបន្ទាប់។ ប្រការនេះបានបង្ហាញថា អាមេរិកមិនមិនត្រឹមតែមិន បានកែតម្រូវកំហុសរបស់ខ្លួនប៉ុណ្ណោះទេ ជាងនេះទៅទៀត បែរជាបង្ករឿងជាបន្តបន្ទាប់ ប៉ុនប៉ងឆក់យកផលប្រយោជន៍ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ច។ អាចឃើញថា មូលហេតុនិងផលប៉ះពាល់នៃដំណើរទស្សនកិច្ច នៅតៃវ៉ាន់របស់លោកស្រី Pelosi គឺច្បាស់លាស់ អាមេរិកជាអ្នកបង្ករឿងហេតុ ទង្វើរបស់មេរិកហាក់ដូចជាចោរស្រែកចាប់ចោរ ហើយអ្នកដែលយកសាំងមកចាក់លើភ្លើង ក៏ជាអាមេរិកហ្នឹងឯង។

អាមេរិកគួរតែក្រេបយកមេរៀនពីទង្វើខុសឆ្គងរបស់លោកស្រី Pelosi ដែលបានធ្វើដំណើរទស្សនកិច្ចនៅតំបន់ចិនតៃវ៉ាន់ ត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃគោលការណ៍ចិនតែមួយ និងមាត្រាកំណត់ក្នុងសេចក្តីប្រកាសរួមបីច្បាប់ រវាងចិននិងអាមេរិកវិញ មិនត្រូវប្រព្រឹត្តិអំពោះខុសជាន់លើខុសនោះឡើយ។ បើពុំនោះសោត ប្រទេសចិននឹងចាត់វិធានការតបតវិញយ៉ាងដាច់ខាត ហើយកំដរដល់ទីបញ្ចប់៕

វិទ្យុមិត្តភាពកម្ពុជាចិន