(បាងកក)៖ នៅថ្ងៃពុធនេះ តុលាការធម្មនុញ្ញនៃប្រទេសថៃបានបង្គាប់ឱ្យនាយករដ្ឋមន្រ្តី លោក ប្រាយុទ្ធ ចាន់អូចា ត្រូវផ្អាកពីមុខតំណែងជាបណ្តោះអាសន្ន បន្ទាប់ពីតុលាការបានទទួលយកញត្តិរបស់បក្សប្រឆាំងដែលទាមទារឱ្យមានការសម្រេចទៅលើរយៈពេលកាន់អំណាចរបស់លោក។

លោក ប្រាយុទ្ធ គឺជាអគ្គមេបញ្ជាការយោធា នៅពេលដែលលោកបានដឹកនាំការធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៉ីវិលរបស់លោកស្រី យីងឡាក់ ស៉ីណាវ៉ាត់ កាលពីឆ្នាំ២០១៤។ ចាប់តាំងពីពេលនោះ លោកបានដឹកនាំប្រទេស ក្នុងនាមជាប្រមុខរបបយោធា ហើយបន្ទាប់មកលោកក៏បានក្លាយជានាយករដ្ឋមន្រ្តីនៃ រដ្ឋាភិបាលស៉ីវិលនៅឆ្នាំ២០១៩ ក្រោយការបោះឆ្នោតសកល។

នាពេលថ្មីៗនេះ គណបក្សប្រឆាំងភឿថៃ (Pheu Thai) បានដាក់ញត្តិទាមទារឱ្យតុលាការធម្មនុញ្ញ ធ្វើការសម្រេចថាតើលោក ប្រាយុទ្ធ អាចកាន់អំណាចបានយូរប៉ុនណាឱ្យប្រាកដ។ ខាងក្រុមប្រឆាំងបានលើកឡើងថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក ប្រាយុទ្ធ បានចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ២០១៤ គឺប៉ុន្មានខែក្រោយរដ្ឋប្រហារយោធា ដូច្នេះហើយវាគួរតែបញ្ចប់ទៅវិញនៅមុនដំណាច់ខែនេះ ក្រោយគ្រប់៨ឆ្នាំ។ យោងតាមរដ្ឋធម្មនុញ្ញថៃ នាយករដ្ឋមន្រ្តីអាចកាន់ អំណាចបានយូរបំផុតសរុបត្រឹម ៨ឆ្នាំ។

ប៉ុន្តែក្រុមអ្នកគាំទ្រមួយចំនួនបានប្រកែកថា អាណត្តិនាយករដ្ឋមន្រ្តីរបស់លោក គឺទើបតែបានចាប់ផ្តើមនៅឆ្នាំ២០១៧ ជាពេលរដ្ឋធម្មនុញ្ញថ្មីចូលជាធរមាន ឬក៏ក្រោយការបោះឆ្នោតសកលឆ្នាំ២០១៩ ដែលមានន័យថា លោក ប្រាយុទ្ធ គួរតែត្រូវបានអនុញ្ញាតឱ្យបន្តកាន់អំណាច រហូតដល់ឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ប្រសិនបើលោកនៅតែទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ក្នុងសភា។

លោក ប្រាយុទ្ធ ចាន់អូចា វ័យ៦៨ឆ្នាំ នឹងត្រូវផ្អាកពីតួនាទីរហូតទាល់តែដល់ពេល តុលាការធម្មនុញ្ញចេញសេចក្តីសម្រេចពាក់ព័ន្ធ រយៈពេលកាន់អំណាចរបស់ លោក។ ដូច្នេះហើយ កំលុងចន្លោះពេលនេះ ឧបនាយករដ្ឋមន្រ្តី លោក ប្រាវីត វុងស៊ូវ៉ាន់ (Prawit Wongsuwan) វ័យ៧៧ឆ្នាំ ត្រូវបានគេរំពឹងថានឹងឡើង កាន់តំណែងជានាយករដ្ឋមន្រ្តីថៃបណ្តោះអាសន្ន។

* តើតុលាការធម្មនុញ្ញថៃមានតួនាទីអ្វីខ្លះ?

តុលាការធម្មនុញ្ញថៃត្រូវបានបង្កើតឡើងដំបូងដោយរដ្ឋធម្មនុញ្ញ កាលពីឆ្នាំ១៩៩៧។ នៅក្រោមគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យ តុលាការនេះមានសិទ្ធិអំណាច និងភារកិច្ចសំខាន់ៗដូចជា៖

១ - ពិចារណា និងវិនិច្ឆយលើធម្មនុញ្ញភាពនៃច្បាប់ ឬសេចក្ដីព្រាងច្បាប់នានា
២ - ពិចារណា និងវិនិច្ឆយលើបញ្ហាពាក់ព័ន្ធនឹងភារកិច្ច និងអំណាចរបស់សភាតំណាងរាស្ត្រ ព្រឹទ្ធសភា គណៈរដ្ឋមន្ត្រី ឬអង្គការស្ថាប័នឯករាជ្យនានា។
៣ - ភារកិច្ច និងអំណាចផ្សេងទៀតរបស់តុលាការធម្មនុញ្ញ ដែលមានចែងនៅក្រោមរដ្ឋធម្មនុញ្ញថៃ នោះគឺត្រួតពិនិត្យធម្មនុញ្ញភាពនៃសេចក្ដីព្រាងវិសោធនកម្ម រដ្ឋធម្មនុញ្ញ និងទទួលពាក្យបណ្ដឹងពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ

* សេណារីយ៉ូល្អ និងអាក្រក់សម្រាប់លោក ប្រាយុទ្ធ

ជាធម្មតា ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ យល់ថា តុលាការធម្មនុញ្ញថៃ តែងតែធ្វើសេចក្ដីសម្រេចដែលបម្រើផលប្រយោជន៍ដល់លោក ប្រាយុទ្ធ។ ម្លោះហើយ ទើបគេជឿថា ការសម្រេចចិត្តព្យួរតំណែងជានាយករដ្ឋមន្ត្រីនៅពេលនេះ គេមិនទាន់អាចនិយាយបានភ្លាមៗថា ជាទីបញ្ចប់របស់លោក ប្រាយុទ្ធនោះទេ ព្រោះគេត្រូវរង់ចាំមើលការសម្រេចចិត្តចុងក្រោយរបស់តុលាការធម្មនុញ្ញថៃនៅឡើយសិន។ នៅក្នុងសេណារីយ៉ូនេះ អ្វីដែលលោក ប្រាយុទ្ធ រំពឹង នោះគឺតុលាការធម្មនុញ្ញថៃនឹងសម្រេចថា អាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ចាប់ផ្ដើមរាប់ពីឆ្នាំ២០១៧ ឬឆ្នាំ២០១៩ មិនមែនចាប់ផ្ដើមរាប់នៅឆ្នាំ២០១៤ ដូចដែលគណបក្សប្រឆាំងអះអាងនោះទេ។ ប៉ុន្តែច្បាស់ណាស់ការសម្រេចចិត្តបែបនេះ នឹងបង្កឱ្យមានបាតុកម្មតវ៉ា ជាពិសេសពីសំណាក់ក្រុមអ្នកតវ៉ាប្រឆាំងនឹងលោក ប្រាយុទ្ធ ដែលចាត់ទុករូបលោកជានាយករដ្ឋមន្ត្រីខុសច្បាប់រួចទៅហើយនោះ។

ចំណែកឯ សេណារីយ៉ូអាក្រក់វិញ នោះគឺតុលាការធម្មនុញ្ញនឹងសម្រេចថា អាណត្តិជានាយករដ្ឋមន្ត្រីថៃរយៈពេល៨ឆ្នាំរបស់លោក ប្រាយុទ្ធ បានអស់សុពលភាព ដោយចាប់ផ្ដើមរាប់ពីឆ្នាំ២០១៤ តាមការអះអាងរបស់គណបក្សប្រឆាំង។ ក៏ប៉ុន្តែចូរកុំភ្លេចថាលោក ប្រាយុទ្ធ នៅសល់តំណែងដ៏មានឥទ្ធិពលមួយទៀត បន្ទាប់ពី តំណែងជានាយករដ្ឋមន្ត្រី គឺរដ្ឋមន្ត្រីការពារជាតិ ដែលនេះមានន័យថា លោកនឹងនៅតែមានឥទ្ធិពលនៅលើឆាកនយោបាយថៃ។

នៅក្នុងសេណារីយ៉ូនេះដែរ សភាជាតិទាំង២ របស់ថៃ នឹងចាប់ផ្ដើមនីតិវិធីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅក្នុងចំណោមបេក្ខជនដែលស្នើឡើងដោយគណបក្ស ធំៗនៅក្នុងការបោះឆ្នោតសកលកាលពីឆ្នាំ២០១៩។ នាយរដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីថ្មីនឹងត្រូវបន្តកាន់តំណែងនៃអាណត្តិសេសល់រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២៣ ពេលដែលការបោះឆ្នោតសកលត្រូវបានគេរំពឹងថានឹងរៀបចំឡើង៕