(វ៉ាស៉ីនតោន)៖ យោធាអាមេរិក បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា ខ្លួនបានបើកការវាយប្រហារមួយក្នុងទីក្រុង ដាយ អាល់ ហ្ស័រ (Deir al-Zor) របស់ប្រទេសស៉ីរី ដើម្បីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធដែលប្រើប្រាស់ដោយកងជីវពល ដែលមានទំនាក់ទំនងជាមួយកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ (IRGC)។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែសីហា ឆ្នាំ២០២២។

ទីបញ្ជាការកណ្តាលរបស់យោធាអាមេរិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបែបនេះគឺមានគោលបំណងការពារកងកម្លាំង អាមេរិកពីការវាយប្រហារ ដោយក្រុមដែលគាំទ្រដោយអ៉ីរ៉ង់។ មិនតែប៉ុណ្ណោះ វាក៏ជាការឆ្លើយតបដែរចំពោះឧប្បត្តិហេតុដែលបានកើតឡើង កាលពី ថ្ងៃទី១៥ ខែសីហា ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះដ្រូន លើបរិវេណដែលគ្រប់គ្រងដោយក្រុមចម្រុះ និងក្រុមអ្នកប្រយុទ្ធស៊ីរីគាំទ្រដោយ សហរដ្ឋអាមេរិក បើទោះជាការវាយប្រហារនេះមិនបានបណ្តាលឲ្យមានអ្នករងរបួសក៏ដោយ។

តែយ៉ាងណាក៏ដោយ សេចក្តីរាយការណ៍របស់យោធាសហរដ្ឋអាមេរិកខាងលើនេះ មិនបានបញ្ជាក់ថាតើមានអ្នកស្លាប់ ឬអត់នោះទេ ក្នុងការវាយប្រហាររបស់ខ្លួនឡើយក្នុងទីក្រុង Deir al-Zor ឡើយ៕